ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៥នាក់ បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងតក់ស្លុតបំផុត រវាងម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័បុកនិងម៉ូតូមកពីក្រោយស្របទិសកាលពី ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៦ និង៥០នាទីព្រឹក នៅចំណុចលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣៧ លេខ១៣៨ ភូមិប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ភាគីខាងម៉ូតូរងគ្រោះមានម្ចាស់ឈ្មោះ សេង ស៊ីថុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិឬស្សីលាប ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងអ្នករួមដំណើរ១នាក់ ឈ្មោះ សុខ នាង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១J ៨៦៨៤ ខូចខាតយ៉ាងដំណំ។

ប្រភពបន្តថា ចំពោះភាគីខាងម៉ូតូបង្កហេតុមានឈ្មោះ ឃាង ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កម្មករសំណង់អ្នករួមដំណើរ២នាក់ ឈ្មោះ មាស ខ្មៅ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កម្មករ និង ឈ្មោះ សំ សារ៉ុង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី​ឆ្នាំ ២០០៩ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូហុងដាឌ្រីម ស៊េរី​ឆ្នាំ២០០៩ ពណ៌ខ្មៅ គ្មានស្លាកលេខជិះគ្នា៣នាក់ ដោយធ្វើដំណើរពីលិចមកកើត រួចក៏បានបត់ឆ្វេង ខ្វះការប្រុងប្រយត្ន័ ស្រាប់តែមានម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ជិះគ្នា២នាក់មកពីក្រោយស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឺងបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ឈប់ និងរាយការណ៍៨មកសមត្ថកិច្ចមូលដ្ឋានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្វាយទាបភ្លាមៗ។

ចំពោះមធ្យោបាយទាំង២គ្រឿង ត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងកសាងសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖