ខេត្តបាត់ដបង៖ ប្រធានគយក្រុមបង្ការ និងបង្រ្កាបទទួលទិសប្រចាំផ្លូវជាតិលេខ៥ លោក ហុង សាវុធ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ថា លោក នឹង ស្រាវជ្រាវ ស៊ើបអង្កេតក្រោយមានសេចក្តីរាយការណ៍ឲ្យដឹងថា បានកើតឡើងនូវបទល្មើស ករណីនាំម៉ូតូម៉ាក SUZUKI let គេចពន្ធខុសច្បាប់ រហូតដល់៣០គ្រឿង ចេញពីព្រំដែនខេត្តបាត់ដំបង ទៅមកដល់កណ្តាលក្រុងភ្នំពេញ ហើយបានរងការបង្រ្កាបពីគយនៅភ្នំពេញ កាលពីកន្លងទៅថ្មីៗនេះ។ ម៉ូតូម៉ាក SUZUKI let ៣០គ្រឿងដែលរងការបង្រ្កាបពីសមត្ថកិច្ចគយ ត្រូវបានគេស្គាល់ជារបស់ឈ្មួញឈ្មោះ រស់ ម៉េងលី ហៅជ្រុយ រស់នៅរាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ច្បាស់ការណ៍ឲ្យដឹងទៀតថា ម៉ូតូ៣០គ្រឿងរងការបង្រ្កាបនោះ ត្រូវបានគេដាក់ការសង្ស័យមានការបង់ពន្ធត្រឹមត្រូវ ប៉ុន្តែការបង់ពន្ធមានការឃុបឃិតរវាងឈ្មួញ និងមន្រ្តីគយ បង់ពន្ធទម្លាក់ស៊េរីខ្ពស់មកស៊េរីទាប ដើម្បីកេងប្រវ័ញ្ចពន្ធរដ្ឋ។ ការបង់ពន្ធទម្លាក់ស៊េរីម៉ូតូនោះ ធ្វើឲ្យម៉ូតូ១គ្រឿងត្រូវរដ្ឋខាតបង់ពន្ធចន្លោះប្រហែល៥០០ដុល្លារ។ ប៉ុន្តែករណីនេះត្រូវបានប្រធានគយក្រុមបង្ការ និងបង្រ្កាបទទួលទិសប្រចាំផ្លូវជាតិលេខ៥ លោក ហុង សាវុធ ច្រានចោល។
ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានបានទំនាក់ទំនង អនុប្រធាននាយកដ្ឋានគយ និងរដ្ឋាករ បង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក វង់ សារ៉ាន់ ដែលជាអ្នកដឹកនាំកម្លាំងបង្រ្កាបឲ្យជួយបំភ្លឺនោះផងដែរ ប៉ុន្តែលោកមិនបានឆ្លើយតប និងបំភ្លឺនោះឡើយ ដោយទូរស័ព្ទហៅចូល លោកបានលើកទទួល ប៉ុន្តែបិទទៅវិញ នៅពេលដឹងថា អ្នកសារព័ត៌មានសាកសួរឲ្យមានការបំភ្លឺ។ ដោយឡែក ការទំនាក់ទំនង លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានគយ និងរដ្ឋាករបង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឲ្យជួយបំភ្លឺនោះដែរ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានឡើយ។ ម៉ូតូ៣០គ្រឿងរងការបង្រ្កាបបច្ចុប្បន្នកំពុងតែបានឃាត់ទុក នៅនាយកដ្ឋានគយ និងរដ្ឋាករ បង្ការ និងបង្រ្កាបបទល្មើស ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានគយក្រុមបង្ការ និងបង្រ្កាបទទួលទិសប្រចាំផ្លូវជាតិលេខ៥ លោក ហុង សាវុធ បានបំភ្លឺអ្នកយកព័ត៌មានយើងឲ្យដឹងទៀតថា លោកសូមបដិសេដ្ឋគ្មាការរត់ពន្ធម៉ូតូដឹកតាមរថយន្តសំពីងសំពោងរហូតដល់៣០គ្រឿង ពីខេត្តបាត់ដំបងទៅដល់ភ្នំពេញនោះទេ ពីព្រោះកូនចៅលោកបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ រាល់ការនាំចូលម៉ូតូពីប្រទេសថៃចូលមកតាមច្រកព្រំដែនខេត្តបាត់ដំបង។ ប៉ុន្តែលោកទទួលស្គាល់ថា អាចមានការរត់ពន្ធលួចលាក់ដឹកម៉ូតូពី១គ្រឿងទៅ២គ្រឿង តាមរថយន្តក្រុង បញ្ហានេះលោកកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេតដើម្បីបង្រ្កាប។
ពាក់ព័ន្ធនិងការបង់ពន្ធទម្លាក់ឆ្នាំផលិតម៉ូតូពីស៊េរីខ្ពស់ មកស៊េរីទាប ប្រធានគយក្រុមបង្ការ និងបង្រ្កាបទទួលទិសប្រចាំផ្លូវជាតិលេខ៥ លោក ហុង សាវុធ បានបំភ្លឺឲ្យដឹងទៀតថា លោកសុំបដិសេធន៍គ្មានការបង់ពន្ធទម្លាក់ស៊េរីឆ្នាំបែបនោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក រស់ ម៉េងលី ដែលជាឈ្មួញរកស៊ីម៉ូតូបានបំភ្លឺឲ្យដឹងថា ម៉ូតូទាំង៣០គ្រឿងម៉ាក SUZUKI let ដែលរងការបង្រ្កាបនោះ ជាម៉ូតូរបស់លោកពិតប្រាកដមែន ដោយម៉ូតូទាំងនោះជាម៉ូតូដាវអត់មានការបង់ពន្ធនោះទេ លោកបានប្រមូលទិញម្តងពី២គ្រឿងទៅ៣គ្រឿង ហើយជាម៉ូតូចាស់ៗ ស៊េរីទាបកែឡើងស៊េរីខ្ពស់។
ប៉ុន្តែសចក្តីរាយការណ៍ច្បាស់ការឲ្យដឹងពីមន្រ្តីគយ នៃនាយកដ្ឋានគយ និងរដ្ឋាករ បង្ការ និងបង្រ្កាបបទល្មើស បង្ហើបឲ្យដឹងថា ម៉ូតូSUZUKI let ចំនួន៣០គ្រឿង ជាប្រភេទម៉ូតូស៊េរីថ្មីទាំងអស់ ក្នុងចំណោមម៉ូតូ៣០គ្រឿង ដែលគយបង្រ្កាបនោះ គឺមានលេខម៉ាស៊ីន និងលេខតួម៉ូតូនៅក្នុងតារាងបញ្ជីរបស់ក្រុមហ៊ុនទៀតផង។
សូមរំលឹកថា កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍ថ្មីៗនេះ មន្រ្តីគយនាយកដ្ឋានគយ និងរដ្ឋាករ បង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញទៅបង្រ្កាបរថយន្តបម្រុងដឹកម៉ូតូចំនួន៣០គ្រឿង នៅចំណតរថយន្តផ្សារថ្មីរាជធានីភ្នំពេញ ម៉ូតូនោះត្រូវបានឈ្មួញដឹកបម្រុងទៅខេត្តសៀមរាប។ ខណៈដែលសមត្ថកិច្ចគយបង្រ្កាបនៅពេលនោះឈ្មួញមិនបានបង្ហាញបង្កាន់ដៃពន្ធនោះឡើយ៕ សំ វិច្ឆិកា