ព័ត៌មានទាន់ហេតុការណ៍៖

សិស្សានុសិស្សនិងមហាជនជិត២ពាន់នាក់ចូលរួមរត់ប្រណាំងអបអរសាទរពិធីបុណ្យសមុទ្រលើកទី៦

ចែករំលែក៖

ខេត្តកែប៖ នាព្រលឹមស្រាងៗស្ថិតក្រោមបរិយាកាសអាកាសធាតុត្រជាក់បង្គួរនៅបណ្តាយឆ្នេរសមុទ្រកែបលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងក្រុងកែបនិងមហាជនមកពី ទីជិតឆ្ងាយប្រមាណ២ពាន់នាក់បានចូលរួមរត់ប្រណាំងកម្សាន្តសប្បាយដើម្បីអបអរសាទរពិធីបុណ្យសមុទ្រជុំទី២លើកទី៦ នាព្រឹកថ្ងៃសុក្រ ៥កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

ពិធីបាញ់កាំភ្លើងបញ្ជាចេញដំណើរ ដោយលោកសម ប្រសិដ្ឋ អភិបាលរង ខេត្តកែប និង លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ពិធីបុណ្យសមុទ្រឆ្នាំនេះ អូឡាំពិកបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ចំនួន១១ប្រភេទក្នុងនោះមានប្រភេទកីឡាលេងនៅ លើទឹក លើអាកាស លើឆ្នេរខ្សាច់និងលើផ្លូវ ដើម្បីចូលរួមអបអសាទរ និងបង្កើតភាព សប្បាយរីករាយដល់ប្រជាពលរដ្ឋដែលមកកម្សាន្តក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ ។

លោកបានបន្តថា សកម្មភាពកីឡា ដែលរៀបចំឡើងដោយNOCC រយៈពេល៣ថ្ងៃនៅបុណ្យសមុទ្រនេះ ក្នុងគោលបំណង បំផុសចលនាកីឡា និងផ្សព្វផ្សាយប្រភេទកីឡាមួយចំនួនដែលប្រជាពលរដ្ឋយើងលោកមិនដែលស្គាល់រួមមាន ប្រដាល់យុទ្ធគុនចម្រុះ(MMA) ជិះស្គីលើទឹក កីឡាហោះហើរ ទូកក្តោង បាល់ទះលើឆ្នេរខ្សាច់ កីឡាទ្រីយ៉ាត្លុង ប្រណាំងកង់ចម្ងាយ៤០គីឡូម៉ែត្រ រត់ប្រណាំងកម្សាន្តសប្បាយនិងកីឡាចោលថាសហោះ រីឯប្រភេទកីឡាបុរាណរបស់ខ្មែរយើង មានដូចជាចំបាប់បុរាណ.ប្រដាល់គុនខ្មែរជាដើម ។

លោកបានបញ្ជាក់ថា គណៈកម្មកររៀបចំសង្ឃឹមថាប្រភេទកីឡាទាំង១១នេះនឹងទទួលបានការ គាំទ្រច្រើន ពីប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកចូលរួមក្នុងពិធីបុណ្យសមុទ្រជុំទី២លើកទី៦នៅខេត្តកែបឆ្នាំនេះពីព្រោះសកម្មភាពកីឡា មានតាំងពីព្រឹករហូតដល់យប់ នៅលើឆ្នេរស្រីស។

ក្នុងឱកាសអញ្ជើញបាញ់កាំភ្លើងបញ្ជាចេញដំណើរនោះដែរ លោក សម ប្រសិដ្ឋ អភិបាលរងខេត្តកែប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់វត្តមាន បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចូលមកកម្សាន្តសប្បាយក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែប នេះ។

លោកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ សន្តិសុខសណ្តាប់ធ្នាប់ និងមានដាក់ពង្រាយក្រុមពេទ្យសម្រាប់សង្គ្រោះដល់ក្រុមកីឡាករកីឡាការិនី ដើម្បីបង្កលក្ខណៈងាយស្រួលគ្មានការព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍នានានៅពេលកំពុងរត់កម្សាន្តសប្បាយឡើយ។

គួរបញ្ជាក់ថា ការរត់ប្រណាំងកម្សាន្តមហាជនក្នុងលើកដំបូងនៃពិធីសមុទ្រនៅខេត្តកែបនេះ មានអ្នកចូលរួម ជិត២០០០នាក់ ដោយមានវិញ្ញាសារត់ចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។ដោយឡែកការប្រកួត របស់កីឡាផ្សេងទៀតនឹងបន្តការប្រកួតនៅ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ទៀត ៕ សារីម


ចែករំលែក៖