ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបណ្ដើរឆ្កែរកសត្វម្នាក់ក្នុងចំណោម៤នាក់បានរងនូវគ្រាប់កាំភ្លើងជនមិនស្គាល់អត្តសញ្ញាណលបបាញ់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ក្នុងចំណោមបក្សពួកចំនួន ៤នាក់ បានរងរបួសនូវគ្រាប់កាំភ្លើង ១គ្រាប់របស់ជនមិនស្គាល់អត្តសញ្ញាណ ដែលគេសង្ស័យលបបាញ់ប្រហារ នៅគ្រាដែលក្រុមជនរងគ្រោះនាំគ្នាបណ្ដើរឆ្កែដើររកសត្វតាមព្រៃភ្នំ(ជ្រលងភ្នំគោ)។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតំបន់ក្នុងព្រៃជ្រលងភ្នំ(ភ្នំគោ)ចន្លោះព្រំប្រទល់ឃុំចំនួន ៣នៃស្រុកក្រគរ គឺឃុំស្នាអ្សា ឃុំស្វាយស និងឃុំត្នោតជុំ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសឈ្មោះ សុខ ធឿន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ របួសចំ(ដើមទ្រូងធ្លាយបញ្ចិតក្រោមដោះខាងឆ្វេង) បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ និងគ្នីគ្នាចំនួន ៣នាក់ទៀតទី១ ឈ្មោះ សុខ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ អាន អាត ៣២ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ រិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ៣នាក់ រស់នៅភូមិ ឃុំជាមួយគ្នានឹងជនរងរបួស។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា បើតាមការរាបរបពីជនរងរបួសផ្ទាល់ និងគ្នីគ្នាថា មុនកើតហេតុខ្លួន និងគ្នីគ្នាបាននាំគ្នាបណ្ដើរឆ្កែរកសត្វ លុះទៅដល់ចំនួនកើតហេតុស្រាប់តែឮស្នូរសម្លេងផ្ទុះអាវុធ ១គ្រាប់នៅលើកំពូលភ្នំល្វើយៗ ស្រាប់តែឈ្មោះ ធឿន ស្រែកអូយអាញត្រូវគ្រាប់ហើយ ប៉ុន្តែភ្លាមនោះ គ្នីគ្នានៅក្បែរៗមិនជឿនោះទេ ព្រោះឮសម្លេងផ្ទុះអាវុធដូចជានៅឆ្ងាយមិនគួរឲ្យជឿគ្រាប់កាំភ្លើងហោះមកត្រូវមនុស្សទាល់តែសោះ ទាល់តែឃើញឈាមហួរស្រោចពេញខ្លួន ទើបជឿជាក់ពិតជាត្រូវគ្រាប់ពិតប្រាកដ ក៏នាំគ្នាសែងគ្រាយកមកមណ្ឌលសុខភាពឃុំស្នាអន្សា និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដើម្បីព្យាបាល។

លោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ចំពោះករណីខាងលើនេះ ជនរងរបួសបានសង្រ្គោះហើយពុំមានបញ្ហាធ្ងន់ធ្ងរនោះទេ ហើយការត្រូវគ្រាប់នេះ បើតាមការណ៍រៀបរាប់អាចសន្និដ្ឋានបានថា មិនមែនជាករណីប៉ុនប៉ងមនុស្សឃាតនោះទេ អាចគ្រាប់ផ្លាតហោះមកត្រូវជាយថាហេតុក៏ថាបាន ប៉ុន្តែលោក បានចាតចែងកម្លាំងចុះស្រាវជ្រាវក្នុងករណីនេះហើយ ក្រែងលោមានការលាក់ទុកអាវុធប្រើប្រាស់ដោយខុសច្បាប់៕ ប៉ឹម ពិន


ចែករំលែក៖