ភ្នំពេញ៖ យុវជនម្នាក់បានបង្កអុកឡុកផ្ទះអ្នកជិតខាងដោយសារតែស្រវឹងស្រាខ្លាំងពេកឈានដល់ប្រើហិង្សាយកដែកថ្នាំងអំពៅវាយមកលើមន្ត្រីនគរបាលបុលសិ៍្តរដ្ឋបាលចាក់អង្រែក្រោមបណ្តាលឲ្យរបួសស្នាម ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១៦និង៤០នាទីថ្ងៃសៅរ៍៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ នៅចំណុចផ្លូវលំ ក្រុម២៨ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ផុន រតនៈ ហៅ អាខ្មៅ អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២៩អឹម ក្រុម២៨ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ(ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ គឹម វ៉ាន់ថន ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្ត្រីបំរើការងារប៉ុសិ៍្តរដ្ឋបាលចាក់អង្រែក្រោម។ បើតាមឲ្យដឹងពីនាយប៉ុសិ៍្តរដ្ឋបាលចាក់អង្រែក្រោមបានឲ្យដឹងថា ជនរងគ្រោះមានសភាពធូរស្រាលបន្តិចហើយ។ បច្ចុប្បន្នកំពុងសម្រាក់ព្យាបាលនៅផ្ទះរបស់ខ្លួន ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកនាយប៉ុសិ៍្តដដែលបន្តថា ជនសង្ស័យជាក្រុមទំនើងអុកឡុកក្នុងភូមិបងធំ បងតូច នៅក្នុងភូមិពេលណាគេនាំគ្នាផឹកស្រវឹង។
លោកនាយប៉ុសិ៍្តបន្តថា ជនសង្ស័យក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយ ក្រោយពីមានការឯកភាពពីស្នងការរង។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានផឹកស៊ីតែម្នាក់ឯងនៅក្នុងផ្ទះ ហើយក៏បានយកដែកថ្នាំងអំពៅចេញពីក្នុងផ្ទះរបស់ខ្លួនវាយផ្ទះអ្នកជិតខាង។ ពេលនោះជនរងគ្រោះដែលមានផ្ទះនៅក្បែរគ្នាក៏បានចូលឃាត់ឲ្យជនសង្ស័យបញ្ឈប់ការអុកឡុកវាយផ្ទះគេទៀត។ តែជនសង្ស័យមិនស្តាប់ក៏បានយកដែកថ្នាំងអំពៅវាយមកលើជនរងគ្រោះបណ្តាលឲ្យរងរបួសស្មងជើង។ ភ្លាមៗនោះក្រុមគ្រួសារក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកជនសង្ស័យក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភា្លមៗផងដែរ៕ តាឡឹម