ព័ត៌មានទាន់ហេតុការណ៍៖

កាណូតបុកគ្នានៅស្រុករលាប្អៀរស្លាប់មនុស្សម្នាក់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកនេសាទម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់កាណូតពីរគ្រឿងបុកគ្នា ពេញមួយទំហឹង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ជិតភ្លឺ ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្ទៃទឹកបឹងអន្ទង់អេក ក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងករណីនេះ ឈ្មោះវ៉ាត ភារម្យ ហៅជឿន ភេទប្រុស អាយុ៣៧ឆ្នាំ និង មានប្រពន្ធឈ្មោះគឹម ចិន្តា អាយុ៣៥ឆ្នាំ មានកូនតូចៗ៤នាក់នៅក្នុងបន្ទុក។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធបានបើកកាណូតស្មាច់ទៅមើលលប ចម្ងាយពីភូមិប្រមាណជា៧០ម៉ែត្រ ប្រពន្ធអង្គុយក្បាលកាណូត ចំណែកប្តីរងគ្រោះអង្គុយ នៅខាងក្រោយ នៅពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានកាណូតមួយគ្រឿងទៀត ដែលបើកក្នុងល្បឿនយ៉ាងលឿន មកបុកកាណូតស្មាច់របស់ជនរងគ្រោះ ពេញមួយទំហឹង បណ្តាលឲ្យត្រូវជនរងគ្រោះបែកក្បាល ធ្លាក់ចូលទឹក ភ្លាមៗនោះ ប្រពន្ធជនរងគ្រោះបានស្រែកហៅអ្នកស្រុកឲ្យជួយស្រង់ប្តីរបស់គាត់ ក្នុងពេលនោះ ប្រជាពលរដ្ឋបានស្រង់ជនរងគ្រោះពីក្នុងទឹក ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារអាការៈធ្ងន់ជនរងគ្រោះត្រូវបានស្លាប់នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ ជនបង្ក បានបើកកាណូតគេចខ្លួនបាត់ភ្លាមៗ បាត់ស្រមោលតែម្តង ។ នៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកកាណូតជនបង្កដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ចន្ថា


ចែករំលែក៖