ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្តន្ទាទោសកូន​ប្រុស​នាយ​ហុងដា ដាក់ពន្ធនាគារ៧ឆ្នាំរឿងសម្លាប់ម្តាយចុង

ចែករំលែក៖

ភ្នំពេញ​៖ លោកឌុច សុខសារិន អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧​ ប្រកាសសាលក្រមផ្តន្ទាទោស កូន​ប្រុស​នាយ​ហុងដា​ដាក់ពន្ធនាគារ៧ឆ្នាំ និង​ ផ្តន្ទាទោសសង្សារ​ ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទឃាតកម្ម ពាក់ព័ន្ធសម្លាប់ម្តាយចុងប្លន់យកទ្រព្យសម្បត្តិ។

ជនជាប់ចោទឈ្មោះខា សុខេន ហៅនិច ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើត របស់លោកហុងដា និងឈ្មោះ នេត រស្មី កន្និកា ភេទស្រីអាយុ១៧ឆ្នាំ ។

ពួកគេទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។

យោងតាមរបាយការណ៍របស់សមត្ថ កិច្ចឈ្មោះ ខា សុខេនបានសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាព សម្លាប់ម្តាយចុងឈ្មោះ ស៊ឹមចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាព តែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុកបង្កើតគេ (នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួនមកពី ធ្វើការវិញទាន់ ខ្លួនក៏បានអង្វរសង្សារ កុំឲ្យឆោឡោនិងជួយយកភួយ មករុំសាកសព អូសទៅទុក នៅបន្ទប់ទឹក ព្រមទាំង ដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរសព្ទណូគា ១គ្រឿង និងម៉ូតូមួយគ្រឿង ចាកចេញតែម្តង ដែលរឿងនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល ពេញផ្ទៃប្រទេសពិសេស បណ្តាញសង្គម ហ្វេសប៊ុក ។

ឈ្មោះសុខេនបានរៀបរាប់ថា រូបគេបានមករស់នៅ ខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល៤ ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះរ៉េន សុធារី ហៅឃ្មឹបដែលត្រូវជាប្រពន្ធមុនរបស់នាយហុងដា មានប្តីថ្មី។ ក្នុងពេលមករស់នៅ ជាមួយឪពុក ឈ្មោះសុខេន បាននាំសង្សារឈ្មោះនេត រស្មីកន្និកា មកនៅជាមួយ ហើយ ខ្លួនមិនសូវចូលចិត្ត ម្តាយចុងទេ ដោយសារនៅពេល ដែលឪពុកខ្លួន មិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោស ឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំ មករហូត។

ក្រោយពេលសម្លាប់ ម្តាយចុងរួចហើយ ឈ្មោះសុខេនបានទៅសម្រាកនៅផ្ទះ ម្តាយសង្សារ ១យប់ នៅខណ្ឌឬស្សីកែវ លុះព្រឹកឡើង ទើបនាំសង្សាមកដេក ស្នាក់នៅជក់ថ្នាំញៀននៅចំនុចផ្ទះគ្មានលេខ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រីឯគ្រឿងអលង្ការ ដែលរូបគេប្លន់បាន យកទៅបញ្ចាំបាន ៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំប្រាប់ថា កាឡៃ ហើយម៉ូតូបញ្ចាំបាន១០០ដុល្លារ រួចយកលុយទាំងនោះទិញថ្នាំញៀន ជក់៕ចេស្តា


ចែករំលែក៖