ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ អនុរក្សពន្ធនាគារព្រៃសម២ បានបញ្ជូនស្ត្រីជនជាប់ចោទម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកសវនាការជំនុំជម្រះ ពាក់ព័ន្ធចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ តាមបណ្តាញសង្គមហ្វេសប៊ុក ថាសុទ្ធតែជាឃាតកសម្លាប់បណ្ឌិត កែម ឡី។
ស្ត្រីជាប់ចោទឈ្មោះ ហ៉ិន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ៣៧ឆ្នាំ ត្រូវបានតំណាងអយ្យការចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បទចោទប្រកាន់មួយនេះ អាចប្រឈមការជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។
ស្ត្រីរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅបេនឡានរិទ្ធិមុនី បន្ទាប់ពីរូបនាងបានបង្ហោះវីដេអូតាមគណនីហ្វេសប៊ុកឈ្មោះ ហេង លក្ខិណា កាលពីថ្ងៃទី៩ ខែកក្កដា ដោយចោទសម្តេច ហ៊ុន សែន និងក្រុមគ្រួសារថា សុទ្ធតែជាឃាតក ក្នុងអំឡុងពេលនាង កំពុងស្ថិតក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ដែលរៀបចំឡើងនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
នាងបាននិយាយក្នុងវីដេអូនោះថា៖«លោក ហ៊ុន សែន ហ្នឹងហើយ គ្រួសារគាត់ហ្នឹងហើយ កូនចៅរបស់គាត់ អ្នកណាក៏ជាឃាតកដែរ។ គ្រួសារគាត់ហ្នឹង អ្នកណាក៏ប្រឡាក់ឈាមលោក បណ្ឌិត កែម ឡី ដែរ»។
ក្នុងសវនាការនោះ មានលោកអ៉ី ថាវរៈ ជាចៅក្រមជំនុំជម្រះនិងលោក ស្រី ម៉ាក់នី ជាតំណាងអយ្យការ។
ស្ត្រីជាប់ចោទ បានបដិសេធថា ខ្លួនពុំបាន ប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែខ្លួនពិតជាបានបង្ហោះវីដេអូក្នុងហ្វេសប៊ុកមែន តែខ្លួនគ្មានចេតនានិយាយបែបនេះទេ ដោយសារតែកំហឹងមួយពេល ក៏ចេះតែនិយាយទៅៗ។ ជាចុងក្រោយ សូមអោយតុលាការបន្ធុរបន្ថយទោស។
តំណាងអយ្យការ បានធ្វើសេចក្តីសន្និដ្ឋាន រក្សាបទចោទប្រកាន់នៅដដែល និងអោយចៅក្រមផ្តន្ទាទោសតាមច្បាប់។
ក្រោយការសួរដេញដោយ តុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ខាងមុខ៕ ចេស្តា