ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បើកកិច្ចប្រជុំត្រួតពិនិត្យ លើគម្រោងអភិវឌ្ឍន៍បណ្ដាញលូ ប្រឡាយក្នុងរាជធានីភ្នំពេញ ជាបន្ទាន់ដើម្បីឲ្យមន្ទីរជំនាញ ពាក់ព័ន្ធ បន្ដ ចុះយុទ្ធនាការ ស្ដារអណ្ដូងលូ ប្រឡាយ លូ និងក្នុងរាជធានីភ្នំពេញ ឲ្យទាន់រដូវប្រាំង នេះ ក្នុងគោលបំណងបញ្ចៀសការលិចលង់ នៅដូវវស្សា ឆ្នាំក្រោយនេះ ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅនារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ។ ជាលទ្ធផល ក្នុងអង្គប្រជុំ នេះបានសម្រេច ជារួមមាន ចាប់ផ្ដើមបើកយុទ្ធនាការស្ដារលូ៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីដើមខែមករា ឆ្នាំ២០១៨ ក្នុងប្រវែង៤៦០គីឡូម៉ែត្រ។ រៀបចំស្ដារប្រឡាយ ដាក់លូ ដើម្បីរំដោះទឹកភាគខាងត្បូង និងខាងលិចព្រលានយន្តហោះ។ រៀបចំការងារសាងសង់ស្ថានីយបូមទឹកលូប្រាំ និងបង្កើនកម្លាំងការបូម នៅស្ថានីយបឹងទំពុន ដើម្បីរំដោះទឹក និងកាត់បន្ថយការលិចលង់ ទឹកជំនន់ទឹកភ្លៀងជាអតិបរមា នៅរដូវវស្សាឆ្នាំក្រោយ។
លោកម៉េត មាសភ័ក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលបញ្ចប់កិច្ចប្រជុំនេះថា៖ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនអង្គភាពស្ថាប័ន លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា កិច្ចប្រជុំនេះក្នុងកោលបំណងពិនិត្យរបាយការណ៍ក៏ដូចជាពិភាក្សាលើគម្រោងអភិវឌ្ឍន៍លូប្រឡាយនៅរាជធានីភ្នំពេញ គឺធ្វើយ៉ាងម៉េចដោះស្រាយបញ្ហាទឹកជន់លិច ដែលកន្លងមកដោយមានការជន់ដោយជំនន់ទឹកភ្លៀង ។ បើតាមអ្នកនាំពាក្យ កិច្ចការផ្តោតសំខាន់រួមមាន គឺបញ្ហាលូ ដែលជាការបន្តកិច្ចការងារក្នុងអង្គប្រជុំកាលពីសប្តាហ៍មុន ហើយនៅដើមខែមករាឆ្នាំ២០១៨ខាងមុខនេះ គឺរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមយុទ្ធនាការក្នុងការស្តារលូ ជាពិសេសក្នុង៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជាខណ្ឌដូនពេញ ចំការមន ៧មករា និងខណ្ឌទួលគោក ដែលក្នុងយុទ្ធនាការនោះរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្តារលូប្រវែងប្រមាណជា៤០០ គីឡូម៉ែត្រ ។
ក្នុងកិច្ចប្រជុំនោះលោកអភិបាលរាជធានីភ្នំពេញ ក៏បានបែងចែកការងារដល់មន្ទីរអង្គភាពជំនាញនូវតួនាទីដាច់ដោយឡែកពីគ្នារៀងៗខ្លួន រវាងមន្ទីរសាធារណ ការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលទទួលការងារស្តារប្រព័ន្ធលូមេ ហើយបណ្តាខណ្ឌទាំង៤ ទទួលការងារស្តារបណ្តាញលូរងនៅក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន ។
លោកបន្តថា ការបែងការងារឲ្យដាច់ចេញពីគ្នា គឺក្នុងគោលបំណងទទួលខុសត្រូវការងាររបស់ខ្លួន ដើម្បីឲ្យមានភាពទទួលខុសត្រូវលើការងាររបស់ខ្លួន ហើយក្រោយពេលបញ្ចប់យុទ្ធនាការស្តារលូហើយ ប្រសិនបើជាផ្លូវ ឬក៏លូ ដែលបានស្តារទាំងប៉ុន្មានមិនបានល្អប្រសើរនោះ យើងនឹងអាចដឹងចំពោះអ្នកដែលទទួលខុសត្រូវច្បាស់លាស់។ លោកបន្តថា ការងារស្តារលូមេនេះ ត្រូវស្តារតាមប្រព័ន្ធបណ្តា្រហូតដល់ស្ថានីយបូមទឹកដែលជាទីតាំងរំដោះទឹកធំតែម្តង គឺបានន័យថា ស្តារបណ្តាញលូមេហើយ បែរជានៅជាកង់ៗដែលធ្វើឲ្យមិនអាចរំដោះទឹកលូបានល្អប្រសើរនោះទេ ។
លោកម៉េត មាសភ័ក្តីបានបន្ថែមថា ៖ ចំពោះការងារប្រព័ន្ធបង្ហូរទឹកតាមប្រឡាយ ដែលសំដៅទៅលើបណ្តាខណ្ឌដែលនៅជាយក្រុងដែលមានបញ្ហាជន់លិចជំនន់ទឹកភ្លៀងផងដែរនោះ ជាពិសេសក្នុងតំបន់ដងន័ង្គលក្នុងខណ្ឌពោធិ៍សែនជ័យ និងបញ្ហារំដោះទឹកនៅតំបន់ភាគខាងត្បូង និងភាគខាងកើត ព្រលានយន្តហោះ លើការងារដាក់បណ្តាញលូ ប្រឡាយ ត្រូវបានដាក់ផែនការធ្វើហើយនឹងគ្រោងត្រៀមបើកការដ្ឋានសាងសង់ស្ថានីយបូមទឹកលូប្រាំ ដែលជាចំណុចមួយក្នុងការរំដោះទឹក ដែលបានហូរចេញពីភាគខាងកើត និងភាគត្បូងព្រលានយន្តហោះ ដើម្បីឲ្យបន្តហូរចេញទៅតំបន់ជើងឯក ។
ក្នុងកិច្ចប្រជុំនោះលោកអភិបាល ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយច្បាស់លាស់ ធ្វើម៉េចជំរុញទៅលើការងារទាំងអស់នេះ ឲ្យបានដំណើរការល្អ និងដោះស្រាយបានទាន់ពេលវេលា មុនរដូវវស្សាឆ្នាំក្រោយ ដោយធ្វើយ៉ាង ណាព្យាយាមកាត់បន្ថយជាអតិបរមាលើបញ្ហានៃការជន់លិចដោយជំនន់ទឹកភ្លៀងនៅឆ្នាំក្រោយនេះ៕ សំរិត