ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តខ្សែភ្លើងបង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះមួយខ្នងពេលម្ចាស់ចេញទៅច្រូតស្រូវ

ចែករំលែក៖

ប៉ោយប៉ែត៖ អគ្គិភ័យឆាប់ឆេះផ្ទះ១ខ្នងដែលមានបណ្តោយ១២ម៉ែត្រ និងទទឹង៨ម៉ែត្រ ធ្វើអំពីឈើលើ និងក្រោមថ្ម ប្រក់ស័ង្កសី អស់គ្មានសល់ កាលពីថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកអធិការនគរបាលស្រុកអូរជ្រៅសេស វិបុល ប្រាប់ថា ម្ចាស់ផ្ទះមានឈ្មោះ ធី ឃិត ភេទស្រី អាយុ៦២ឆ្នាំ មានកូនចំនួន៥នាក់ ក្នុងបន្ទុករស់នៅភូមិវាំងមួង ឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកថាមុនពេលកើតហេតុម្ចាស់ផ្ទះបានចេញទៅច្រូតស្រូវនៅវាលស្រែបាត់ ស្រាប់តែ មានភ្លើងឆេះចេញពីផ្ទះ យ៉ាងសន្ធោរសន្ធៅ ភ្លាមៗនោះ ប្រជាពលរដ្ឋរស់នៅជិតខាងបានជួយពន្លត់យ៉ាងសស្រាក់សស្រាំដែរ តែនៅមិនរលត់ ទើបមានកម្លាំងនគរបាលស្រុកអូរជ្រៅ យករថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការ២គ្រឿង មកបាញ់ពន្លត់មួយ សន្ទុះក្រោយមកទើបភ្លើងរលត់ទាំងស្រុង។

ដោយបណ្តាលមកពី​ ឆ្លងចរន្ត អគ្គិសនីទុស្សេខ្សែភ្លើង ទើបបង្កជាអណ្តាតភ្លើង បណ្តាលឲ្យឆេះ តែម្តង។ ចំណែកទ្រព្យសម្បត្តិខូចខាត ផ្ទះទាំងស្រុង រួមមានស្រូវ៩បាវ អង្ករ១បាវ ខ្សែកផ្លាកទីន១ខ្សែតំលៃ៥ពាន់បាត ។

ខណៈនោះដែរ ឃើញមានវត្តមានលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះមកអន្តរាគមន៍ មកជួយ ពន្លត់អគ្គិភ័យនេះផងដែរ ហើយលោកមិនឱបដៃឈរមើលនោះទេ មិនថាទីកន្លែងណា​ ឲ្យតែពលរដ្ឋជួបទុក្ខលំបាក តែងតែឃើញវត្តមានរូបលោកនៅទីនោះផងដែរ៕ វណ្ណា

 


ចែករំលែក៖