ភ្នំពេញ៖ រថយន្តបាឡែន១គ្រឿងបានបើកគេចពីរថយន្ត១គ្រឿងផ្សេងទៀត បើកឆ្លងផ្លូវក៏ជ្រុលទៅបុកថ្មក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងនូវការខូចខាតយ៉ាងដំណំផ្នែកខាងមុខ នៃរថយន្តបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនៅវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិថ្មគោល សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តរងគ្រោះម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AC-8707 បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះបានអះអាងថា គាត់ធ្វើដំណើរពីកើតមកតាមបណ្តោយផ្លូវសហព័ន្ធរុស៊្សី ហើយលុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងបើកឆ្លងផ្លូវពីជើងមក ពេលនោះគាត់បានគេចពីរថយន្តគេនោះក៏ជ្រុលទៅបុកថ្មទ្រូងផ្លូវនោះពេញទំហឹងតែម្តង។ ក្រោយកើតហេតុរថយន្តគេនោះក៏ព្យាយាមបើកគេចខ្លួនបាត់ទៅ។
ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចក៏បានតម្រូវឲ្យម្ចាស់រថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំការដោះស្រាយនិងការខូចខាតសម្បតិ្តរដ្ឋ៕ តាឡឹម