ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តតាកែវទទួលស្គាល់ជនជាតិវៀតណាមចូលនេសាទល្មើសច្បាប់នៅស្រុកអង្គរបុរី

ចែករំលែក៖

ខេត្តតាកែវ៖ ប្រជាពលរដ្ឋនៅស្រុកអង្គរបុរីឈឺចាប់ខ្លោចផ្សានៅពេលដែលឮថា ការចូលនេសាទរបស់ជនជាតិវៀតណាមដោយប្រើឧបករណ៍ល្មើសច្បាប់ច្រើនប្រភេទនោះ មានការយល់ព្រមពីថ្នាក់ដឹកនាំដើម្បីបានថវិកាសម្រាប់ទ្រទ្រង់សហគមន៍នៅមូលដ្ឋាននោះ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរ ម្ចាស់ស្រុក ម្ចាស់ទឹកដី មិនត្រូវបានអនុញ្ញាតឲ្យនេសាទដើម្បីចិញ្ចឹមក្រពះឡើយ។ ប្រសិនបើហ៊ានចូលនេសាទ ប្រាកដជាត្រូវក្រុមមន្ត្រីជលផលចាប់បង្ក្រាបមិនខានឡើយ។

ពាក់ព័ន្ធនឹងបទល្មើសនេសាទពីសំណាក់ជនជាតិវៀតណាមយ៉ាងគគ្រឹកគគ្រេង ប្រើឧបករណ៍នេសាទល្មើសច្បាប់ច្រើនប្រភេទ ព្រមទាំងការដាក់សម្រាស់ត្រីផងនោះ លោកឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានប្រាប់កាសែតក្នុងស្រុកថា «ប្រសិនមានករណីទូកជនជាតិវៀតណាមចូលមកនេសាទខុសច្បាប់នោះ គឺអាជ្ញាធរខេត្ត ស្រុក តាមបន្ទាត់ព្រំដែន មិនអនុញ្ញាតជាដាច់ខាត ហើយចំពោះការប្រើសៃយ៉ឺន គឺខាងសហគមន៍គាត់ជាអ្នកដាក់ ដោយសារខាងក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដើម្បីទប់ត្រីមិនឲ្យចេញទៅប្រទេសវៀតណាមទេ ដោយមានសុពលភាព៣ឆ្នាំ ប៉ុន្តែដោយសារប្រធានសហគមន៍នៅស្រុកយើងចាស់ៗ ពិបាកក្នុងការដាក់ អ៊ីចឹងបានជាជួលជនជាតិវៀតណាមឲ្យចូលមកដាក់ជំនួសពួកគាត់ ដើម្បីបានថវិកាខ្លះសម្រាប់ទ្រទ្រង់សហគមន៍របស់ពួកគាត់»។

លោក ឡាយ វណ្ណៈ បានបន្តទៀតថា ខាងខេត្តក៏អនុញ្ញាតឲ្យធ្វើរឿងនេះដែរ។ ប៉ុន្តែប្រសិនមានទូករបស់ជនជាតិវៀតណាមចូលមកនេសាទ ខុសច្បាប់នោះ គឺខាងខេត្តមិនអនុញ្ញាតជាដាច់ខាត ហើយកន្លងមកខាងខេត្តក៏ធ្លាប់ចាប់បានទូកវៀតណាម ដែលចូលមកនេសាទដោយចាប់ឲ្យតុលាការចោទប្រកាន់តាមច្បាប់ផងដែរ។

សម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅឃុំគោកធ្លក ស្រុកអង្គរបុរីនិយាយថា មួយថ្ងៃៗទូកនេសាទវៀតណាមរាប់រយគ្រឿងចូលមកប្រព្រឹត្តល្មើសប្រមូលសូម្បីតែក្តាមខ្យង ។ រីឯប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុក ប្រសិនបើហ៊ានចេញទូកទៅនេសាទមុខជាត្រូវពួកមន្ត្រីជលផលចាប់ដាក់ខ្នោះមិនខានឡើយ។ ពួកគាត់និយាយថា អ្នកនេសាទវៀតណាមជាច្រើនបាននាំគ្នាមកដាក់ស្បៃមុង សាយយ៉ឺន និងលបកន្ទុយកណ្តុររាប់រាយកន្លែងពាស់ពេញផ្ទៃទឹកក្នុងដែននេសាទសហគមន៍ ក្នុងភូមិសាស្ត្រស្រុកអង្គរបូរី។

ប្រជានេសាទនៅស្រុកអង្គរបូរីនិយាយថា ជនជាតិវៀតណាមទាំងហ្វូងចូលមកនេសាទប្រព្រឹត្តល្មើសដោយបង់ប្រាក់ឲ្យលោក អ៊ឹម ផាត នាយផ្នែករដ្ឋបាលជលផលអង្គរបូរី។ នាយផ្នែករដ្ឋបាលជលផលរូបនេះជាអ្នកសម្របសម្រួលក្នុងការប្រមូលប្រយោជន៍ពីបទល្មើសនេសាទគ្រប់ប្រភេទ។ ទូកនេសាទវៀតណាម១គ្រឿងត្រូវបង់ប្រាក់យ៉ាងហោចណាស់៨០០ដុល្លារ។ ក្រៅពីនោះបទល្មើសផ្សេងៗទៀត ដូចជាការដាក់របាំងស្បៃមុង ឬសម្រាស់ត្រីជាដើមត្រូវបង់ប្រាក់ពី២ពាន់ដុល្លារទៅ៣ពាន់៥រយដុល្លារ។ ទូកនេសាទគ្រឿង សម្រាស់ត្រីរាប់រយកន្លែង បទល្មើសរបាំងស្បៃមុងរាប់ពាន់ម៉ែត្ររីកព្រោងព្រាតក្នុងដែនទឹកនេសាទសហគមន៍ស្រុកអង្គរបុរី។

ជនជាតិវៀតណាមដែលចូលមកនេសាទក្នុងដែនទឹកខ្មែរទទួលស្គាល់ថា ពួកគេបានបង់លុយឲ្យមន្ត្រីជលផលខ្មែរទើបអាចនេសាទបាន។ ពួកគេបង់លុយតាមរយៈឈ្មោះ កេ និងឈ្មោះ ណុក ជាអ្នករត់ការសម្របសម្រួលជាមួយលោកអ៊ឹម ផាត។ អ្នកនេសាទវៀតណាមដដែលនិយាយថា មន្ត្រីជលផលអ៊ឹម ផាត កំណត់ទឹកប្រាក់ត្រូវបង់តាមខ្នាតឧបករណ៍នេសាទធំ ឬតូច ដូចជាប្រើស្បៃមុង សៃយ៉ឺនប្រវែងជាង១០០ម៉ែត្រត្រូវបង់២០លានដុង, ១ពាន់ម៉ែត្រត្រូវបង់៨០លានដុងឡើងទៅ។ រីឯការនេសាទប្រចាំថ្ងៃ ទូក១គ្រឿងពេលចូលមកស្រុកអង្គរបុរីត្រូវបង់២០ម៉ឺនដុងឲ្យទៅឈ្មោះ កេ និងឈ្មោះ ណុក យកបន្តទៅលោកអ៊ឹម ផាត។

បទល្មើសនេសាទនៅស្រុកអង្គរបុរីមួយផ្នែកធំ និងមួយផ្នែកទៀតនៅស្រុកបុរីជលសារ សុទ្ធតែមានការរៀបចំជាប្រព័ន្ធ ដោយលោកអ៊ឹម ផាត និងលោកខឹម ប៊ុនថន ។ លោកអ៊ឹម ផាត មិនលើកទូរស័ព្ទនោះទេ ។ ជាមួយគ្នានោះ គេដឹងថា ប្រាក់ដែលប្រមូលពីបទល្មើសទាំងឡាយត្រូវចែកទៅលោកសៅ កុសល នាយខណ្ឌរដ្ឋបាលជលផល, ក៏ដូចជាលោកប្រធានមន្ទីរកសិកម្ម និងថ្នាក់ដឹកនាំខេត្តផង។

ប្រជាពលរដ្ឋអ្នកនេសាទនៅស្រុកអង្គរបុរីសម្តែងការសោកស្តាយ និងឈឺចាប់ចំពោះមន្ត្រីជលផលអ៊ឹម ផាត ក៏ដូចជាថ្នាក់ដឹកនាំស្រុក-ខេត្ត ដែលមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាចំពោះមុខប្រជាពលរដ្ឋ ប៉ុន្តែគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ បទល្មើសនេសាទ ដែលអនុញ្ញាតឲ្យជនជាតិវៀតណាមចូលប្រព្រឹត្តតាមអំពើចិត្តនេះគឺជាការដុតកម្លោចកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរខេត្តតាកែវឃុបឃិតស៊ុំគ្រលុំគ្នា ធ្វើអ្វីៗដើម្បីប្រយោជន៍បក្ខពួកគ្នាឯង៕ ហេង សូរិយា

លោក អ៊ឹម ផាត


ចែករំលែក៖