ព័ត៌មានទាន់ហេតុការណ៍៖

សុភ័ក្រ កុសុម៉ា ស្ទាក់ស្ទើរចេញទៅច្រៀងរាំនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ សន្ទុះនៃការគាំទ្រមួយរយៈចុងក្រោយលើតារាចម្រៀងសុភ័ក្រ កុសុម៉ា ហាក់ហក់ឡើងខ្ពស់ក្រោយនាងទទួលបានការឱកាសច្រើនក្នុងការកាន់ការងារជាពិធីករក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ល្បីៗក្នុងស្រុក។

ក្រោយចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសជប៉ុន និងអូស្រ្តាលីរួចមក នាងក៏ទទួលបានឱកាសចេញទៅច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកដែរ ប៉ុន្តែនាងនៅមិនទាន់ប្រាកដក្នុងចិត្តនៅឡើយ។

ថ្មីៗនេះ សុភ័ក្រ កុសុម៉ា បានចេញដំណើរទៅច្រៀងរាំលើទឹកដីនៃប្រទេសជប៉ុន ជាមួយនឹងតារាចម្រៀងប្រុសស្រីមួយចំនួន។ នាងបន្តលើកឡើងថា ដើមឆ្នាំក្រោយគេហៅទៅសម្តែងនៅអាមេរិក៣ខែ ប៉ុន្តែដំណឹងនេះកំពុងតែក្លាយជារឿងគិតគូខ្លាំងដើម្បីពង្រីកទីផ្សារសិល្បៈ។ នាងថាក៏មានចិត្តចង់ផ្តោតលើការទៅអាមេរិកដែរ ព្រោះប្រទេសខាងលើមានទីផ្សារសម្រាប់តារាកម្ពុជាយើង។ ប៉ុន្តែស្រាប់តែទើសការងារក្នុងស្រុកដែលតម្រូវបែងចែកបែបណាកុំឲ្យជាន់គ្នាប្រសិនបើចាត់ចែងរលូននាងនឹងហោះទៅអាមេរិកចែកការកម្សាន្តសើចសប្បាយជូនបងប្អូននៅទីនោះ។

នាងបញ្ជាក់ដែរថា ការងារសិល្បៈក្នុងស្រុកនាងពិតជារវល់ច្រើនមួយរយៈចុងក្រោយទាំងការងារជាពិធីករនៅទូរទស្សន៍My TV និងទូរទស្សន៍បាយ័ន ប៉ុន្តែនាងត្រូវតែឆ្លៀតពេលដើម្បីចេញដំណើរទៅច្រៀងរាំនៅក្រៅស្រុក ដែលមិនត្រឹមតែជាកិច្ចការងារសង្គមទេ គឺអាចមានពេលដើម្បីលម្ហែអារម្មណ៍បានច្រើនផងដែរ៕ វឌ្ឍនា


ចែករំលែក៖