ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ដែលលោតចុះរត់គេចខ្លួនពីរថយន្តនគរបាលខណ្ឌពោធិ៍សែនជ័យនោះបានស្លាប់ម្នាក់ហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាចោរគាស់ផ្ទះម្នាក់ក្នុងចំណោមគ្នា២នាក់ ដែលបានលោតចុះពីរថយន្តរបស់នគរបាលខណ្ឌពោធិ៍សែនជ័យទាំងដៃជាប់ហើយ បានបោកក្បាលនឹងថ្នល់សន្លប់ស្ដូកស្ដឹងនោះ បានស្លាប់ហើយនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ចំណែកម្នាក់ទៀតដែលត្រូវប្រជាពលរដ្ឋវាយឲ្យរបួសនោះកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យខាងលើនោះ។

ជនសង្ស័យដែលស្លាប់នោះឈ្មោះឌូ រឿន អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិស្ទឹងរៀង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម។ ចំណែកម្នាក់ទៀតដែលរងរបួសឈ្មោះង៉ែត សុខ អាយុ៣០ឆ្នាំ មុខរបរបកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិជាមួយគ្នា និងមានស្រុកកំណើតនៅក្នុងភូមិកែវកាំភ្លើង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ខ្លួនបានក្នុងខណៈដែលពួកគេកំពុងអូសរទេះអេតចាយ ហើយពេលនោះនគរបាលដកហូតបាន កាំបិតផ្គាក់ដងឫស្សី១ , ដាវកែឆ្នៃ១, កូនសោអក្សរតេសម្រាប់កាច់សោកម៉ូតូ, ដែកសសៃកែឆ្នៃសំរាប់ឆ្គឹះសោកម៉ូតូមួយចំនួន។ លុះដល់វេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នគរបាលប៉ុស្តិ៍ចោមចៅ៣ បានប្រគល់ពួកគេទៅឲ្យកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបើករថយន្តម៉ាកសាំយ៉ុង១គ្រឿង ពណ៌ស ទៅដឹកយកពួកជនសង្ស័យខាងលើពីប៉ុស្តិ៍ចោមចៅ៣ ឆ្ពោះទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌ ដើម្បីសាកសួរនិងចាត់ការបន្ត។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះនគរបាលបានបើករថយន្តដឹកជនសង្ស័យតាមមហាវិថីសហព័ន្ធរុស្សី ហើយពេលទៅដល់មុខក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយការធ្វេសប្រហែសរបស់នគរបាល១ពេល បានធ្វើឲ្យជនសង្ស័យឆ្លៀតឱកាសបាន បើកទ្វាររថយន្តសាំយ៉ុងខាងក្រោយ លោតចុះពីរថយន្តគេចខ្លួនបណ្ដាលឲ្យជនសង្ស័យម្នាក់ឈ្មោះឌូ រឿនដួលបោកក្បាលទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹងតែម្ដង និងជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនចូលទៅតាមផ្លូវលំក្នុងភូមិ ហើយពួនសម្ងំក្បែរផ្ទះជួល របស់ប្រជាពលរដ្ឋ ក្រោយផ្ទះសំណាក់នីកា ។

ប្រភពដដែលបានវន្តទៀតថា ពេលនោះនគរបាលបានដេញតាមចាប់ ប៉ុន្តែជនសង្ស័យម្នាក់នោះទាញដែកបូមម៉ូតូវាយតដៃទៅលើនគរបាលវិញ និងបន្តរត់គេចទៀត។ បន្ទាប់មក ត្រូវប្រជាពលរដ្ឋឃើញជួយឡោមព័ទ្ធចាប់បានវាយរងរបួសធ្ងន់ ហើយនគរបាលវាយខ្នោះដៃលើកដាក់រ៉ឺម៉កម៉ូតូកង់បីដឹកទៅពេទ្យតែម្ដង ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែក្រោយពេលទៅដល់មន្ទីរពេទ្យព្រះកុសុមៈប្រហែល២ម៉ោងបានស្លាប់ម្នាក់គឺឈ្មោះឌូ រឿន ចំណែកម្នាក់ទៀតឈ្មោះង៉ែត សុខ កំពុងត្រូវបានសង្គ្រោះបន្ទាន់នៅឡើយ៕សុខាសែនជ័យ


ចែករំលែក៖