ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ២០០ខ្នង ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនគ្រួសារយោធិន និងនគរបាល ក្នុងខេត្តស្វាយរៀង ។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោកអនុរដ្ឋលេខាធិការ អគ្គនាយក និងគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីជំនាញ និងបងប្អូនគ្រួសារយោធិន និងនគរបាលដែលទទួលបានផ្ទះនៅថ្ងៃនេះ ។
ក្នុងឱកាសនោះ លោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ដែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការអនុវត្តការងារនេះឲ្យប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរទាំងលើការងារសាងសង់ផ្ទះ និងការជ្រើសរើសមុខសញ្ញាទទួលផ្ទះ យ៉ាងត្រឹមត្រូវប្រកបដោយតម្លាភាព សុក្រឹត្យ និងយុត្តិធម៌។
ជាមួយនេះ លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនគ្រួសារយោធិន និងនគរបាលដែលទទួលបានផ្ទះត្រូវចូលមករស់នៅឲ្យបានជាប់លាប់ និងអចិន្ត្រៃយ៍ដោយមិនត្រូវធ្វើការលក់ដូរនោះឡើយ ខិតខំថែទាំទ្រព្យសម្បត្តិដ៏មានតម្លៃនេះឲ្យបានគង់វង្ស និងត្រូវធ្វើការដាំដុះដំណាំផ្សេងៗ ឬចិញ្ចឹមសត្វ ដោយមិនត្រូវទុកដីឲ្យនៅទំនេរនោះទេ សម្រាប់បម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃ ។
ក្នុងឱកាសនោះផងដែរ ក្នុងនាមអាជ្ញាធរដែនដីខេត្ត លោកអភិបាលខេត្ត និងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ជាពិសេសបានផ្ដល់ជូនផ្ទះ ២០០ខ្នង នាពេលនេះ និងក៏សូមសម្ដែងនូវការអរគុណដល់ឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានជួយគាំទ្រកិច្ចការនេះឲ្យទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈតាំងពីពេលចាប់ផ្ដើមរហូតដល់ពិធីប្រគល់ផ្ទះនៅថ្ងៃនេះ ។
ទន្ទឹមនេះ អាជ្ញាធរខេត្តនឹងបន្តជំរុញរៀបចំការងារដែលនៅសេសសល់ឲ្យបានរួចរាល់ ដើម្បីបម្រើសេចក្ដីត្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះ ។
នៅចុងបញ្ចប់ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនដល់មន្ត្រីសុរិយោដីកំពុងអនុវត្តការងារ មន្ត្រីនគរបាលដែលប្រចាំការការពារតំបន់នោះ ព្រមទាំងបងប្អូនគ្រួសារយោធិន និងនគរបាលដែលបានចូលរួមក្នុងពិធីប្រគល់ផ្ទះនេះ ផងដែរ ៕ យឹម សុថាន