ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបត់ឆ្លងផ្លូវបុកម៉ូតូរបួសធ្ងន់ស្រាល២នាក់នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មនុស្សវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបត់ឆ្លងផ្លូវបុកជាមួយម៉ូតូ។

ករណីគ្រោះថ្នាក់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ២២០ លេខ២២១ ភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកវរៈសេនីយ៍យ៉ែម យឿន អធិការរងទទួលផែនសេនាធិការ និងប៉ុស្តិ៍រដ្ឋបាលបានថ្លែងកាលពីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ថា ករណីគ្រោះថ្នាក់ដោយម៉ូតូបុករថយន្តខាងលើនេះ គឺម៉ូតូធុន សេ ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ `1H1170 បើកបរដោយឈ្មោះ ពៅ ភាព ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិជ្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បើកបរពីលិចទៅកើត ក្រោយកើតហេតុបានរងរបួសធ្ងន់ ។ រីឯអ្នកជិះពីក្រោយឈ្មោះ ទេព សន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិជ្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានរងរបួសស្រាល ។

ប្រភពបន្តទៀតថា នៅពេលដែលម៉ូតូធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក គៀ វីស្តូ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2a 4448 បើកបរដោយឈ្មោះ ងួន ពិនិត្យ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត បត់ឆ្លងផ្លូវ ក៏ត្រូវបុកជាមួយម៉ូតូតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់កន្លែងកើតហេតុ វាស់វែង និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបឹងខ្នារដើម្បីព្យាបាលរបួស ។ ចំណែកមធ្យោបាយយានយន្តទាំង២គ្រឿង​ត្រូវបានយកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍ដូនកែវដើម្បីបំពេញបែបបទនិងដោះស្រាយបន្តតាមច្បាប់ ៕ ប៉ឹម ពិន


ចែករំលែក៖