ការតាំងចិត្តបានត្រឹមតែលើបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែលទ្ធផលជាក់ស្តែងមិនមែនត្រឹមតែមិនបង្ក្រាបបទល្មើសប៉ុណ្ណោះទេ ក្រុមមន្ត្រីជលផលខេត្តកំពង់ធំគឺជាអ្នកកសាងបទល្មើសក្រោមក្រសែភ្នែកលោកអភិបាលខេត្តនោះទៀតផង។ ការតាំងចិត្តរបស់លោកសុខ លូ អភិបាលខេត្តកំពង់ធំ គ្រាន់តែឲ្យឮដល់ត្រចៀករបស់ប្រជាពលរដ្ឋ ប៉ុន្តែវាជាឱកាសឲ្យពួកមន្ត្រីជលផលដំឡើងថ្លៃលុយនៃការប្រព្រឹត្តបទល្មើសរបស់ពួកឈ្មួញតែប៉ុណ្ណោះ។ ពួកឈ្មួញភាគច្រើនជាជនជាតិវៀតណាម ដែលកំពុងប្រព្រឹត្តបទល្មើសនេសាទនៅខេត្តកំពង់ធំ រីឯប្រជាពលរដ្ឋខ្មែរ ដែលនេសាទដើម្បីចិញ្ចឹមក្រពះត្រូវពួកមន្ត្រីជលផលចាប់យកទៅអួតប្រាប់លោក សុខ លូ ឯណោះទៅវិញ ។
អ្នកដែលកសាងបទល្មើសធំជាងគេដោយចេញមុខនៅក្នុងខេត្តកំពង់ធំ គឺលោកយ៉ាន់ វិសាក់ ជាមន្ត្រីរដ្ឋបាលជលផលនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ។ គ្រប់អ្នកប្រព្រឹត្តល្មើសត្រូវឆ្លងកាត់ និងទាក់ទងលោកយ៉ាន់ វិសាក់ជាមុន ។ ដូច្នេះ ពួកឈ្មួញជនជាតិវៀតណាមដែលចង់ប្រព្រឹត្តល្មើសងាយស្រួលបំផុត គឺទាក់ទងច្រកចេញ ចូលតែមួយ ដែលមានតំណាងខាងជលផលលោកយ៉ាន់ វិសាក់ហៅសែ។ នេះជាអ្វីដែលអាជ្ញាធរខេត្ត ក៏ដូចជារដ្ឋបាលជលផលរៀបចំបង្កលក្ខណៈងាយស្រួលឲ្យក្រុមអ្នកនេសាទជនជាតិវៀតណាមប្រព្រឹត្តល្មើស ទាក់ទងជាមួយលោកយ៉ាន់ វិសាក់ ដោយមិនចាំបាច់ទៅរកអ្នកផ្សេង។ លោកយ៉ាន់ វិសាក់ ប្រមូលលុយពីបទល្មើស យកទៅចែករំលែកថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំខេត្ត រួមទាំងក្រសួងខ្លះផង។
បទល្មើសនេសាទក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវគេអះអាងថាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ពួកមន្ត្រីជំនាញផ្នែកជលផលអះអាងថា បើមិនឲ្យប្រព្រឹត្តបទល្មើសនៅក្នុងរដូវត្រីត្រូវទេនោះ ក៏ហ្វូងត្រីទាំងនេះនឹងហូរចេញទៅដែរ។ ដូច្នេះក្រោមលេសនៃការប្រមូលត្រីធ្វើប្រហុក ផ្អក ពួកអ្នកនេសាទបានប្រើគ្រប់វិធីដើម្បីប្រមូលផលត្រី និងការប្រើឧបករណ៍នេសាទល្មើសច្បាប់នានា ដោយមិនខ្លាចអ្វីឡើយ។ រីឯអាជ្ញាធរខេត្ត ដែលគ្មានជំនាញ បានត្រឹមតែងក់ក្បាលជាមួយពួកមន្ត្រីជលផលដែលភ្ជាប់ជាមួយនឹងកញ្ចប់ទ្រនាប់ដៃជាការបិទបាំងបទល្មើសនោះ។ ដូច្នេះហើយពួកឈ្មួញមានឱកាសប្រព្រឹត្តល្មើសយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អភិបាលខេត្តកំពង់ធំ កាលពីប៉ុន្មានសប្តាហ៍មុនបានប្រកាសប្តេជ្ញាចិត្តបង្ក្រាបបទល្មើសទាំងអស់ ជាពិសេសបទល្មើសនេសាទ និងបទល្មើសព្រៃឈើ។ ប៉ុន្តែការដែលមិនឃើញសកម្មភាពបង្ក្រាបក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ថា នោះជាវិធីវាយស្មៅបង្អើលពស់តែប៉ុណ្ណោះ។ គេឃើញថា បទល្មើសនេសាទ ក៏ដូចជាបទល្មើសព្រៃឈើកើតឡើងខ្លាំងឡើងថែមទៀត ក្រោយការប្រកាសរបស់លោកអភិបាលខេត្ត ។ ដូច្នេះ រឿងអីដែលរាស្ត្រមិនយល់នោះ៕