ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុគ្គលិកនៅក្នុងសណ្ឋាគារយីហោ LUMIERE បាននាំគ្នារត់ចេញពីក្នុងសណ្ឋាគារទាំងស្លន់ស្លោបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិង សមត្ថិច្ចមូលដ្ឋានចុះមកអន្តរាគន៍ទាន់ពេលវេលា ។
ករណីឆ្លងចរន្តអគ្គិសនីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤៥នាទីរសៀលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២២៨ កែងផ្លូវ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីបុគ្គលិកធ្វើការក្នុងសណ្ឋាគារនោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យ ដឹងថា មូលហេតុបណ្តាលឲ្យ មានអគ្គិភ័យនេះ កើតឡើង គឺដោយសារតែការឆ្លងចរន្តអគ្គិសនីនៅជាន់ទី១៦ ក្នុងប្រអប់ជណ្តើរយន្ត បានបង្កឲ្យ មានការភ្ញាក់ផ្អើលដល់បុគ្គលិកធ្វើការទាំងអស់ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ អ្នកខ្លះបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យ ចុះជួយធ្វើអន្តរគមន៍ នៅកន្លែងកើតហេតុ និងហៅរថយន្តពន្លត់អគ្គិភ័យមកទប់ស្កាត់ផងដែរ ។
បន្ទាប់មកគេឃើញកម្លាំងសមត្ថកិច្ចជំនាញចុះមកដល់កន្លែង សហការជាមួយបុគ្គលិកសណ្ឋាគារបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លាមៗ ចំណែកឯរថយន្តពន្លត់អគ្គិភ័យបានមកដល់ចំនួន ៥គ្រឿងចុះមកអន្តរាគមន៍ នៅកន្លែងកើតហេត ប៉ុន្តែមិនបានបាញ់ពន្លត់នោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនៅជាន់ទី១៦ ក្នុងប្រអប់ជណ្តើរយន្ត ហើយបង្កជាអគ្គិភ័យនេះឡើង ប៉ុន្តែសំណាងល្អដោយសារក្នុងសណ្ឋាគារមានបំពង់បាញ់ពន្លត់អគ្គិភ័យមួយចំនួនទើបមិនរាលដាលខ្លាំង ៕ស តារា