ខេត្តកណ្ដាល៖ រថយន្ដមួយគ្រៀងបើកបោះពួយយ៉ាងលឿនមិនប្រកាន់ស្ដាំ បុកជាមួយម៉ូតូមួយគ្រឿងបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២៥-២៦ ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់តមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា រថយន្ដបង្កម៉ាក LUXUS RX ៣០០ ប្រភេទទេសចរណ៍ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2F-5002 អ្នកបើកបររត់គេចបាត់បាត់ស្រមោល រីឯជនរងគ្រោះឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-9736 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីពីត្បូងមកជើង (តាកែវមកភ្នំពេញ) លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបង្កម៉ាក LUXUS RX ៣០០ បានបើកក្នុងល្បឿនលឿន ដោយមិនប្រកាន់ស្ដាំ ខ្វះការប្រុងប្រយ័ត្នជ្រុលមកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ដបានទុករថយន្ដចោលកន្លែងកើតហេតុរួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានកម្លាំងនគរបាលចរាចរណ៍ធ្វើការវាស់វែង ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។
តាមការឲ្យដឹងរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើគឺបណ្ដាលមកពីរថយន្ដបើកមិនប្រកាន់ស្ដាំ និងបំពានចូលក្នុងគន្លងផ្លូវបើកច្រាសទិសគ្នា ទើបបានជាមានរឿងហេតុកើតឡើងដូច្នេះ ៕ ស្អាងជ័យ