ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបង្ក្រាបសំបុកគ្រឿងញៀន៣គោលដៅ ឃាត់ខ្លួនជនសង្ស័យ១០នាក់ រួមនិងថ្នាំញៀន១កញ្ចប់តូច៥កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយនិងនគរបាលប៉ុស្តិ៍ព្រែកកំពឹស បានបើកប្រតិបត្តិការណ៍ចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣គោលដៅ ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី សរុបចំនួន១០នាក់ ក្នុងនោះមាន៤នាក់ជាអ្នកប្រើប្រាស់ និង៦នាក់ទៀតជាអ្នកជួញដូរយ៉ាងសកម្ម ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង ៣និង៤០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចកំពោធព្រៃក្នុងបុរីកាំម៉េង ស្ថិតនៅភូមិព្រែករទាំងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង១០នាក់ ទី១ឈ្មោះ ណែម ខួច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្នុងសង្កាត់ជើងឯក , ទី២ឈ្មោះ ចេក ថន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល,ទី៣ឈ្មោះ ភ័ណ្ឌ សុវណ្ណារី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកហូ ក្រុងតាខ្មៅ, ទី៤ឈ្មោះ ដា បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ,ទី៥ឈ្មោះ សៀ វិច្ឆិកា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងខណ្ឌដង្កោ,ទី៦ឈ្មោះ ឆាង សារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ , ទី៧ឈ្មោះ រិន ចន្នី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ , ទី៨ឈ្មោះ ខែម កាណាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរថយន្ត ស្នាក់នៅសង្កាត់ព្រែកំពឹស ខណ្ឌដង្កោ,ទី៩ឈ្មោះ ជួន ជីវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងខណ្ឌដង្កោ និងជនសង្ស័យទី១០ឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ក្រាមពណ៌សថ្លាចំនួន៦កញ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ម៉ូតូ១គ្រឿងម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-05 37 ,ម៉ូតូ១គ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-51 72 និងម៉ូតូម៉ាកYAMAHA (EXCITER) ពណ៌ខ្មៅ គ្មានស្លាកលេខ១គ្រឿងទៀត។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង១០នាក់ ដំបូងឡើយ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងដោយលោកអធិការង ជាង ហុកសែ ក្រោមការបញ្ជានិងណែនាំពីសំណាក់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ល្បាតក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ៤នាក់ ឈ្មោះ ណែម ខួច ,ចេក ថន,ភ័ណ្ឌ សុវណ្ណារី និង ដា បញ្ញា កំពុងតែប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងកំពោធព្រៃ ទើបឃាត់ខ្លួនជាក់ស្តែង ដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមនិងម៉ូតូស៊ុយសាគីស្មាស់១គ្រឿង។ ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ភ័ណ្ឌ សុវណ្ណារី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ច ពីភិនភាគអ្នកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់ទៀត ទើបនៅវេលាម៉ោង២និង៤០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួន ឈ្មោះ រិន ណារ៉ុង, ឆាង សារ៉ាត់ និងឈ្មោះ រិន ចន្នី បន្ថែមទៀតនៅចំណុចភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយ ដកហូតក្រាមពណ៌សថ្លាចំនួន២កញ្ចប់ថង់តូច រួមនិងសំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន យកមកធ្វើការសាកសួរ ទើបឈ្មោះ រិន ណារ៉ុង ឆ្លើយសារភាពប្រាប់សមត្ថកិច្ចពីភិនភាគជនសង្ស័យ៣នាក់ទៀត​ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ខែម កាណាន់, ជួន ជីវ័ន្ត និង សៀ វិច្ឆិកា ដកហូតបានក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ថង់ (ក្នុងនោះមាន៣កញ្ចប់ថង់ធំល្មម និង១កញ្ចប់ថង់តូច) សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន , រួមនិងម៉ូតូចំនួន១គ្រឿងទៀតម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រគល់ឲ្យខាងជំនាញគ្រឿងញៀនខណ្ឌធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវីធីច្បាប់៕តាឡឹម


ចែករំលែក៖