បើប្រៀបធៀបនឹងតំបន់ទាំងអស់នៅជុំវិញពិភពលោក នាឆ្នាំ២០១៧នេះ បញ្ហា កូរ៉េខាងជើង គឺក្តៅជាងគេបំផុត ដោយសារតែការសាកល្បងកាំជ្រួចមីស៊ីលនិង បរមាណូលើកទី៦។ ក្រៅពីនេះគឺសង្គ្រាមពាក្យសម្តីរវាងមេដឹកនាំដូណាល់ ត្រាំនឹង លោកគីម ជុងអ៊ុន ជាសង្គ្រាមសម្តីខ្លាំងបំផុតមិនធ្លាប់មាន។
ចំណុចទំាងនោះហើយបានជាតំបន់ក្តៅជាងគេបំផុតលើពិភពលោក នៅឆ្នាំ ២០១៧បានធ្លាក់មកលើកូរ៉េខាងជើងទៅវិញ បើទោះបីតំបន់នេះមិនមានសំឡេង អាវុធផ្ទុះដូចនៅមជ្ឈិមបូព៌ា និងអីុស្រា អែលក្តី។
ឆ្នាំ២០១៧នេះ កូរ៉េខាងជើង បានសាកល្បងមីស៊ីលអន្តរទ្វីបបានជោគជ័យ ហើយ និងបានអភិវឌ្ឍកម្ម វិធីនុយក្លេអ៊ែររីកចម្រើនខ្លាំងបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការរីកចម្រើននេះ បានបង្កឲ្យមានភាព តានតឹងនៅក្នុងតំបន់ និងនៅលើឆាកអន្តរ ជាតិ គឺស្ទើរតែពេញមួយឆ្នាំ២០១៧នេះ។ សម្រាប់ឆ្នាំ២០១៨ខាងមុខ សំណុំរឿង វិបត្តិនុយក្លែអ៊ែរកូរ៉េខាងជើង ក៏ទំនងជា មិនធូរស្រាលប៉ុន្មានឡើយ។
ក្នុងឆ្នាំ២០១៧នេះ កូរ៉េខាងជើង បាន បាញ់សាកល្បងមីស៊ីលអន្តរទ្វីប ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បានរយៈ កម្ពស់ខ្ពស់មិនធ្លាប់មានពីមុនមក។ ពោលគឺវាអាចហោះឡើងទៅលើបានកម្ពស់៤.៤៧៥គីឡូម៉ែត្រ។ នេះបើតាមការបាញ់សាកល្បងកាលពីខែវិច្ឆិកាកន្លងទៅ។
អ្នកជំនាញជាច្រើន ប្រមើលមើលថា បើមីស៊ីលអន្តរទ្វីបនេះ រត់ទៅលើបាន កម្ពស់ខ្ពស់បែបនេះ បានសេចក្តីថា ប្រសិនបើបាញ់តាមខ្សែកោងវិញ គឺវាអាច រត់បានរយៈចម្ងាយ ប្រមាណដល់ទៅ១៣.០០០គីឡូម៉ែត្រឯណោះ។ ដូច្នេះ មីស៊ីល របស់កូរ៉េខាងជើង អាចហោះទៅបំផ្ទុះ ទីក្រុងធំៗ របស់អាមេរិកបាន។ លោក David Wright អ្នកជំនាញម្នាក់ នៅ Union of Concerned scientists យល់ឃើញថា ការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបលើកទី៣ របស់កូរ៉េខាងជើងនេះ បានបង្ហាញ ឲ្យឃើញច្បាស់ថា កូរ៉េខាងជើង អាចបាញ់កម្ទេចរដ្ឋធានីវ៉ាស៊ីនតោនបាន។
បើទោះជាយ៉ាងនេះក្តី សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺនៅមានបញ្ហា បច្ចេកទេស។ បញ្ហានៅត្រង់ថា កូរ៉េខាង ជើងនៅមិនទាន់មានសមត្ថភាពច្បាស់លាស់ ក្នុងការគ្រប់គ្របក្បាលនុយក្លេអ៊ែរ ដែល បំពាក់នឹងមីស៊ីលនោះទេ។ នេះគឺជារឿង បច្ចេកទេស ក្នុងការគ្រប់គ្រងសម្ពាធ នៅពេលក្បាលគ្រាប់ហោះចុះពីលំហអាកាស ហើយធ្លាក់ចុះមកផែនដីវិញ។ បើគ្រប់គ្រង សម្ពាធមិនបានល្អ មិនបានត្រឹមត្រូវទេ គឺអាចបណ្តាលឲ្យក្បាលគ្រាប់នោះ គ្មាន ដំណើរការ ឬក៏អាចផ្ទុះជាមុន នៅលើលំហ អាកាស ផងក៏អាចថាបាន។
មានអ្នកជំនាញអាមេរិកខ្លះទៀត ដែល ធ្វើការនៅសាកលវិទ្យាល័យ Johns Hopkins នៅក្រុងវ៉ាស៊ីនតោន បានលើកឡើង ថា បើតាមតែកម្លាំងគ្រាប់មីស៊ីលអន្តរទ្វីប ដែលកូរ៉េខាងជើងបាញ់សាកល្បង ជា គម្រប់លើកទី៦ នៅឆ្នាំ២០១៧នេះ គឺកូរ៉េ ខាងជើង ទំនងជាអាចមានលទ្ធភាពផលិតអាវុធប្រល័យលោក ដែលវាអាចមានថាម ពលដល់ទៅ២៥០គីឡូតោន ឬក៏អាចមានកម្លាំងខ្លាំងជាងគ្រាប់នុយក្លេអ៊ែរ ដែលផ្ទុះ នៅក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីសង្គ្រាមលោក លើកទី២ ដល់ទៅ១៣ ឬ១៦ដងឯណោះ។ ហេតុដូច្នេះហើយ ទើបបានជាប្រមុខដឹក នាំកូរ៉េខាងជើង ក៏ដូចជាបុរសខ្លាំង គីម ជុនអ៊ុន បានប្រកាសថា ប្រទេសខ្លួនគឺជាមហាអំណាចនុយក្លេអ៊ែរនឹងគេដែរ។
ប្រឈមមុខនឹងការចម្រើនជឿនលឿនឥតឈប់ឈរនៃកម្មវិធីនុយក្លេអ៊ែររបស់ កូរ៉េខាងជើង ប្រទេសជិតខាង ដូចជា កូរ៉េខាងត្បួង និងជប៉ុន ដែលជាសម្ពន្ធមិត្តអាមេរិក មានក្តីព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាពរបស់ខ្លួន ហើយអាមេរិក ក៏បានព្រមានជាញឹកញយជាងគេចំពោះកូរ៉េខាងជើង រហូតដល់មានការបង្ហើរសង្គ្រាមពាក្យសម្តីរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនឹងប្រមុខរដ្ឋលោក គីម ជុង អ៊ុន។ ជម្លោះពាក្យសម្តីរវាងថ្នាក់ដឹកនាំ ប្រទេសទាំងពីរ គឺបង្កឲ្យមានវិបត្តិតានតឹងជាខ្លាំងនៅក្នុងឆ្នាំ២០១៧នេះ។
ដើម្បីដាក់សម្ពាធទៅលើកូរ៉េខាងជើងឲ្យឈប់បន្តគម្រោងនុយក្លេអ៊ែរ ទណ្ឌកម្ម របស់សហគមន៍អន្តរជាតិ បានធ្លាក់មក ជាបន្តបន្ទាប់។ បើគិតតាំងពីដើមឆ្នាំ ២០១៧មក ទណ្ឌកម្មដែលអង្គការសហប្រជាជាតិអនុម័តកាលពីថ្ងៃទី២២ធ្នូសប្តាហ៍មុននេះ គឺជាទណ្ឌកម្មលើកទី៣ដោយ គ្រាន់តែរាប់ក្នុង១ឆ្នាំ ហើយបើគិតតាំង ពីឆ្នាំ២០០៦មក ទណ្ឌកម្ម ដែលដាក់ទៅ លើកូរ៉េខាងជើង គឺបានកើនដល់ចំនួន ១០លើកហើយ ដែលក្រុមប្រឹក្សាសន្តិសុខ បានដាក់លើប្រទេសកុម្មុយនីស្តមួយនេះ។
ការសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ មានមហាយក្សចិន ចូលរួមសម្រេចដែរ។ ចិនគឺជាសម្ពន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើងផង ក៏នៅតែទ្រាំពុំបាន ចំពោះការបន្តគម្រោងនុយក្លេអ៊ែរនេះ។ តែយ៉ាងណាក៏ ដោយ កូរ៉េខាងជើង នៅតែសំងំបន្តសកម្មភាពនិងអភិវឌ្ឍកម្មវិធីនុយក្លេអែររបស់ខ្លួនទៅទៀត។ ពីព្រោះថា គម្រោងផលិតអាវុធ នុយក្លេអែ៊រ សម្រាប់កូរ៉េខាងជើង គឺជា អាយុជីវិតជាតិ ដើម្បីការពារបូរណភាព ទឹកដី និងអធិបតេយ្យជាតិកូរ៉េខាងជើង។ ឈរលើគោលគំនិតបែបនេះហើយ កូរ៉េ ខាងជើង ទំនងច្បាស់ជាពុំអាចលះបង់ គំនិត ឈប់បន្តសកម្មភាពគម្រោងផលិត នុយក្លេអ៊ែរបាននោះឡើយ។
ដូច្នេះ ប្រសិនបើ កូរ៉េខាងជើងនៅតែ បន្តប្រកាន់ជំហរបែបនេះ ហើយអាមេរិក នៅតែមិនព្រមដកលក្ខខណ្ឌនៅក្នុងការ ចរចាគ្នានោះទេ សំណុំរឿងនុយក្លែអ៊ែរកូរ៉េ ខាងជើង គឺច្បាស់ជានឹងនៅតែញាំញី ដោយភាពតានតឹងបន្តទៀត នៅក្នុងឆ្នាំថ្មី ឆ្នាំ២០១៨ខាងមុខ៕ ម៉ែវ សាធី