ខេត្តកណ្ដាល៖ កាលពីថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនពាក់ព័ន្ធករណីថ្នាំញៀន ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដ ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោងម៉ោង១៥និង៣០នាទី ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលបាលស្រុកស្អាងបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះ សុខ អឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១០៥ ចុះថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ២០១៧ ចុះហត្ថលេខដោយលោក អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្ដកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា ក្រោយត្រូវចោទខាងលើធ្វើសកម្មភាពជួញដូរថ្នាំញៀនរួចមក ជននេះបានរត់គេចខ្លួនចេញពីលំនៅដ្ឋានអស់រយៈពេលជាច្រើនខែ ដោយពុំដឹងថា ទៅរស់នៅឯខេត្ដណានោះទេ ទើបចៅក្រោមសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនដាក់ក្នុងពន្ធនាគារបណ្ដោះអាសន្នដើម្បីកាត់ទោសតាមច្បាប់ លុះមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មាថា ជនត្រូវចោទខាងលើកំពុងរស់នៅក្នុងមូលដ្ឋាន ភ្លាមនោះ ក៏សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលតាលន់ ចុះបង្រ្កាបចាប់ខ្លួនជនត្រូវចោទខាងលើដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ