ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ប្រដាប់អាវុធមិនបានសម្រេចហាងប្តូរប្រាក់នៅកណ្តាលក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានកើតឡើងនូវអំពើប្លន់ប្រដាប់អាវុធមិនបានសម្រេចមួយ នៅចំកណ្តាលក្រុងបាត់ដំបង ខណៈដែលមានជនសង្ស័យម្នាក់កំាភ្លើងខ្លីមួយដើម ពាក់មួកសុវត្ថិភាពបិទមុខ បានជិះម៉ូតូ១គ្រឿងម៉ាកហ៊្សូមម័រអ៊ិច មកភ្ជង់ប្រតាយប្រតប់គ្នា នឹងម្ចាស់ប្តូរប្រាក់មួយកន្លែងក្នុងក្រុងបាត់ដំបង ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ នៅពេលមានភាពឆោឡោ និងមានការចេញអន្តរាគមន៍ពីសមត្ថកិច្ចឈរជើងនៅក្បែរនោះ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្បែរផ្សារណាត់ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សេចក្តីរាយការណ៍ឲ្យដឹងថា ម្ចាស់ហាងប្តូរប្រាក់មានឈ្មោះ គង់ សុខថា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ពាក់អាវដៃវែងពាក់មួកសុវត្ថិភាពបិទមុខធ្វើជាមកប្តូរប្រាក់នៅហាងជនរងគ្រោះ។បន្ទាប់មកជនសង្ស័យក៏បានទាញកាំភ្លើងខ្លី១ដើម ភ្ជង់ម្ចាស់ហាងប្តូរប្រាក់ជាស្រ្តីដើម្បីប្រគល់ប្រាក់ឲ្យខ្លួន ។នៅពេលនោះម្ចាស់ហាងជាស្រ្តីរារែកមិនឲ្យប្រាក់ទៅវា ហើយជនសង្ស័យក៏ដើរចាប់ទាញប្រាក់ក្នុងទូ រំពេចនោះក៏មានបុរសម្នាក់គេសង្ស័យជាប្តីស្រ្តីម្ចាស់ហាង ក៏ចេញមកចាប់ដៃនិងចាប់កាំភ្លើងជនសង្ស័យ ដោយមិនយកប្រាក់បាននោះឡើយ។ ជនសង្ស័យទំនងជាភ័យក៏រត់ឡើងម៉ូតូចេញផុតបាត់ដោយមិនបានបាញ់ទៅលើជនរងគ្រោះនោះទេ។នៅពេលផ្អើលដល់សមត្ថកិច្ចនោះ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា នៅល្ងាចថ្ងៃដដែលនោះសមត្ថកិច្ចមិនទាន់កំណត់បានមុខសញ្ញាជនសង្ស័យនៅឡើយនោះទេកំពុងស្រាវជ្រាវស៊ើបអង្កេតដើម្បីកំណត់មុខសញ្ញានិងតាមស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕សំ វិច្ឆិកា


ចែករំលែក៖