ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ទៀតហើយក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ខណៈកំពុងធ្វើការងារនៅក្នុងបន្ទប់ធ្វើនំ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសមត្ថកិច្ចចម្រុះនាំគ្នាចុះទៅត្រួតពិនិត្យមើល សាកសពបុរសម្នាក់ដែលជាបុគ្គលិកផ្នែកជាង នៅសណ្ឋាគារកាំបូឌីយ៉ាណា ខណៈកំពុងធ្វើការងារនៅក្នុងបន្ទប់ធ្វើនំ ហើយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ ។

ករណីមនុស្សស្លាប់ក្នុងសណ្ឋាគារកាំបូឌីយ៉ាណានេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបរិវេណសណ្ឋាគារកាំបូឌីយ៉ាណា នៅផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះឈ្មោះ យ៉ុង បូណា ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកផ្នែងជាង នៅសណ្ឋាគារកាំបូឌីយ៉ាណា បច្ចុប្បន្នស្នាក់នៅក្នុងវត្តអម្ពវ័ន ហៅវត្តព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមការបំភ្លឺពីឈ្មោះ ឌុច សុផល ភេទប្រុស អាយុ៤៧ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ ផ្នែកជាងដូចគ្នា បានឆ្លើយប្រាប់សមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងជនរងគ្រោះបានបំពេញការងារ (តភ្លើង) នៅក្នុងបន្ទប់ធ្វើនំ លុះដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះបានប្រាប់គាត់ថា ឲ្យគាត់ទៅហូបបាយមុនទៅ ដោយទុកឲ្យគេ(ជនរងគ្រោះជាសព)នៅធ្វើការតែឯងបានហើយ ខណៈដែលគាត់ត្រឡប់មកពីហូបបាយវិញ ស្រាប់តែឃើញជនរងគ្រោះដេកសន្លប់ស្តូកស្តឹងតែម្តង ។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលពេញសណ្ឋាគារនឹងបុគ្គលិកផ្សេងទៀតបាននាំគ្នា ប្រញាប់ដឹកបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ពេលដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចបានបង្កើតគណៈគម្មាការត្រួតពិនិត្យលើសាកសព ដោយយោងតាមការពិនិត្យនឹងធ្វើកោសល្យវិច័យ របស់គ្រូពេទ្យជំនាញ បានបញ្ជាក់ថាជនរងគ្រោះរូបនោះ បានស្លាប់ដោយឆក់ចរន្តអគ្គិសនីពិតប្រាកដ ។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តអម្ពវ័ន ហៅវត្តព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ ៕ស តារា


ចែករំលែក៖