ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយបុរសម្នាក់ ដឹករោងដែកទៅសង់រោងបុណ្យ៧ថ្ងៃ បែកកង់មុខរេចង្កូតជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀម ចំពីមុខពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវទន្លេសាប កែងផ្លូវកូឡាឡោម ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ឃ.1131.ភព2 អ្នកបើកបរ និងអ្នករួមដំណើរមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែករថយន្តកុងតឺន័រ ដែលចតស្ងៀមត្រូវរថយន្តកូរ៉េបុក ម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A. 1851 បណ្តាលឲ្យស្រ្តីម្នាក់ដែលកំពុងដេកនៅក្នុងកាប៊ីនរថយន្តនោះរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅពេលកើតហេតុ បុរសអ្នកបើករថយន្តកុងតឺន័រមកចតនៅអែបចិញ្ចើមផ្លូវខាងស្តាំដៃដោយមានស្ត្រីម្នាក់កំពុងដេកនៅក្នុងកាប៊ិន ខណៈនោះ ស្រាប់តែរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ដឹកគ្រោងឆ្អឹងដែកសង់រោងបុណ្យពេញចេញពីខណ្ឌច្បារអំពៅ ដើម្បីសង់ក្នុងពិធីបុណ្យគរប់៧ងថ្ងៃនៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ក្បែរកន្លែងកើតហេតុ ធ្វើដំណើរតាមផ្លូវទន្លេសាប ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកន្លែងកើតហេតុ ក៏បែកកង់មុខផ្នែកខាងឆ្វេង បណ្តាលឲ្យរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករថយន្តកុងតឺន័រពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ រីឯស្ត្រីដែលដេកនៅក្នុងរថយន្តរងគ្រោះរងរបួសធ្ងន់ដែរ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតកំណាត់មុខយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទំនាក់ទំនងហៅរថយន្តសាម៉ុយ មកដឹកជនរងគ្រោះទាំង៣នាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះមកវាសវែងយកទៅរក្សាទុកនៅការយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕ ជ្រោយពេជ្រ