ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័យ៦នាក់ ទៅតុលាការក្នុងករណីក្មេងស្ទាវ២ក្រុម បានបើកការកាប់ប្រហារគ្នា ព្រោះតែរឿងទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ីបណ្តាលឲ្យភាគីម្ខាងបានស្លាប់ក្រោយពីបញ្ជួនដល់មន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) និងម្នាក់ទៀតរងរបួសធ្ងន់កាលពីប៉ុន្មានថ្ងៃកន្លងទៅ។
ការបញ្ជួនជនសង្ស័យទាំង៦នាក់ខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន និងសាកសួតាមនិតិវិធីរួចមក។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យទាំង៦នាក់ដែលបញ្ជួនទៅតុលាការនៅព្រឹកនេះ មាន២ក្រុម ១ក្រុម ខាងបង្ក និង១ក្រុមទៀតខាងរងគ្រោះ។
ក្រុមទី១(ខាងបង្ក) មាន៣នាក់ ១.ឈ្មោះ ថន ដាណាក់ ហៅខ្មៅ អាយុ១៧ឆ្នាំ នៅភូមិសនសុខ៥។ ២.ឈ្មោះ ឡេង សុភ័ណ្ឌ ហៅក្រូច អាយុ៣២ឆ្នាំ នៅភូមិសែនសុខ៤។ ៣. ឈ្មោះ ខេង ចន្ថា ហៅណៃ អាយុ៣៧ឆ្នាំ នៅភូមិសែនសុខ៥។
ក្រុមទី២ ខាងរងគ្រោះ មាន៣នាក់ ១.ឈ្មោះ ប្រាក់ សុជាតិ អាយុ១៦ឆ្នាំ នៅភូមិសែនសុខទី៤។ ២.ឈ្មោះ នង ដារ៉ា ហៅប៉ាវ អាយុ១៧ឆ្នាំ នៅភូមិសែនសុខ៦។ ៣.ឈ្មោះ សឹុម ហើយ អាយុ២៣ឆ្នាំនៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ។ នៅកន្លែងកើតហេតុ។
គួររំលឹកផងដែរថា៖ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានករណីក្មេងស្ទាវ២ក្រុមបានបើកការកាប់ប្រហារគ្នា បណ្តាលឲ្យភាគីម្ខាងបានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
ពាក់ព័ន្ធបញ្ហានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ២ក្រុមក្នុងនោះដកហូតបាន ដាវ ដែកទីប និងដំបងឈើដែលជាវត្ថុតាងក្នុងការកាប់ប្រហារគ្នានោះ។ ភាគីម្ខាងបានស្លាប់ក្រោយពីបញ្ជួនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ ១ឈ្មោះ ហេង ដារ៉ា(ហៅចិត្រា)ស្លាប់ និងម្នាក់ទៀតឈ្មោះ ប្រាក់ សុខុន រងរបួសធ្ងន់។
លោក នន បានមានប្រសាសន៍ថា៖ រឿងរ៉ាវនេះ លោកបានទទួលព័ត៌មាននៅម៉ោង១រំលងអធ្រាត្រទៅហើយ លោកបានបោះដៃតាមវិទ្យុទាក់ទងភ្លាមៗនាំកងកម្លាំងទៅជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែក្រោយមកនៅវេលាម៉ោង៥ព្រឹក ជនរងគ្រោះម្នាក់ឈ្មោះ ហេង ដារ៉ា បានស្លាប់នៅមន្ទីពេទ្យព្រះកុសុមះ។
មន្ត្រីនគរបាលបានបញ្ជាក់ថា កម្លាំងព្រហ្មទណ្ឌអធិការខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ឃ្មួញបានចុះធ្វើការភ្លាមៗទាំងយប់ ឃាត់ខ្លួនជនពាក់ព័ន្ឋចំនួន៦នាក់ផ្សេងទៀត នៃភាគីទាំង២នោះយកមកសាកសួរនៅអធិការដ្ឋានដើម្បីរកមុខជនដៃដល់មកផ្តន្ទាទោស តាមច្បាប់។
ចាំមើលថា តើវាសនាជនសង្ស័យទាំង៦នាក់ ខាងលើនេះ ទៅជាយ៉ាងណា ក្រោយពីតុលាការសម្រេចកាត់ទោសតាមនិតិវិធីរួចនោះ៕ តុង សីហា