ខេត្តស្វាយរៀង៖ មានការភ្ញាល់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងមិនអាចជួយពន្លត់ទាន់ ដែលករណីនេះសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើង ធ្វើឲ្យម្ចាស់ផ្ទះដែលគេស្គាល់ថា ប្តីជាមន្ត្រីយោធា និងប្រពន្ធបានត្រឹមឈរមើលទាំងក្ដុកក្ដួលក្នុងចិត្ត បន្ទាប់ពីទ្រព្យសម្បត្តិដែលខំសន្សំទាំងប៉ុន្មានត្រូវរលាយអស់គ្មានសល់។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក ក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់អ្នកសារព័ត៌មាននគរវត្តថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អ៊ុន សុផល់ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទាហាន មានប្រពន្ធឈ្មោះ ញែម រក្សា អាយុ ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
តាមប្រពន្ធឈ្មោះ ញែម រក្សាបានប្រាប់ទាំងទឹកភ្នែកថា លុយកាក់ដែលខំសន្សំត្រូវអគ្គិភ័យឆាបឆេះ រួមមានលុយខ្មែរចំនួន២លានរៀល ប្រាក់ដុល្លារចំនួន៧០០$ កង់ចំនួន១គ្រឿង អង្ករ៥០គីឡូក្រាម កង្ហាចំនួន០១ ព្រមទាំងសម្លៀកបំពាក់មួយចំនួនផងដែរ។
ប្រភពបន្តថា ផ្ទះគាត់គឺមានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ដោយមុនកើតហេតុ គាត់បានទៅធ្វើការរោងចក្រ ចំណែកប្ដីជាប់រវល់បម្រើការងារនៅខាងក្រៅ ប្រមាណជាងមួយម៉ោង ស្រាប់តែមានអ្នកភូមិទូរសព្ទ័ថា ផ្ទះត្រូវបានភ្លើងឆេះធ្វើឲ្យគាត់កំពុងបម្រើការងារនោះ ស្ទើរតែក្រោមឈរមិនរួចទន់ដៃទន់ជើង៕ យឹម សុថាន