ភ្នំពេញ៖ ទីតាំងបោកគក់មួយកន្លែងស្ថិតនៅក្នុងបរិវេណរោងចក្រយីហោ SL បានឆ្លងចរន្តអគ្គីសនីហុយចេញជាផ្សែងខ្មួលខ្មាញបង្កការភ្ញាក់ផ្អើលដល់កម្មករខ្លះកំពុងដេកលង់លក់ ហើយអ្នកខ្លះកំពុងតែធ្វើការនៅទីនោះរត់ចែកគ្នា កាលពីវេលាម៉ោង៥និង១០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងចក្រ អេសអិល ហ្គាមិន ប្រូសសេសសេង ខេមបូឌា ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ជាកម្មករកំពុងតែធ្វើការដងសព្វដង ខណៈមកដល់ពេលកើតហេតុក៏ស្រាប់តែប្រទះឃើញមានផ្សែងហុយខ្មួលខ្មាញ និងអណ្តាតភ្លើងឆេះចេញឡឹមៗ ចេញពីអគារសំងួតសំលៀកបំពាក់ដោយឃើញសភាពបែបនេះពួកគាត់បាននាំគ្នាយកបំពង់ពន្លត់អគី្គភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់តែភ្លើងមិនរលត់ ពីព្រោះការបាញ់ពន្លត់អត់ដឹងគោលដៅច្បាស់លាស់ពីព្រោះផ្សែងងងឹតពេក ។
បន្ទាប់មកគេឃើញ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ឃើញមានភ្លើងឆេះពីលើដំបូលអគាររោងចក្រទើបកម្មករនាំគ្នាតទុហោទឹកបាញ់ពន្លត់រហូតដល់រថយន្តពន្លត់អគី្គភ័យមកជាច្រើនគ្រឿងតែមិនបានបាញ់ពន្លត់ពីព្រោះភ្លើងបានរលត់អស់នៅវេលាម៉ោង៥និង៣០នាទីវិញ ។
ចំពោះករណីនេះដែរ កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានបណ្តាលមកពីករណីទុស្សេខ្សែភ្លើង ហើយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣រថយន្ត ទើបគ្រប់គ្រងបានជាស្ថាពរ ៕ ស រស្មី