ខេត្តត្បូងឃ្មុំ ៖ មេខ្លោងក្នុងអំពើឃាតកម្ម និងជាជនទី៣ ក្នុងការសម្លាប់ប្តីប្រពន្ធនៅស្រុកក្រូចឆ្មា ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ករណី សហការជាមួយសមត្ថកិច្ចខេត្តបាត់ដំបង និងខេត្តប៉ៃលិនចាប់បានហើយ ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងផែនព្រហ្មទណ្ឌបានប្រាប់នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ឱ្យដឹងថា ជនសង្ស័យដែលជាមេខ្លោងឈ្មោះ អុី សារី(ទើបនិងដោះលែងពីពន្ធនាគារ) ត្រូវបានកម្លាំងនគរបាលជំនាញតាមប្រមាញ់ និងចាប់ខ្លួនបាននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទី១៨ ឃុំ-ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោកឧត្តមសេនីយ៏ត្រី ប្រាក់ ប៊ុនណុនបន្តថា ប្រតិបត្តិការនេះ ជំហានដំបូងកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកដឹកនាំដោយលោកផ្ទាល់ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបើកករណីស៊ើបអង្កេត និងតាមចាប់ខ្លួនឃាតក២នាក់ ក្នុងចំណោម៣នាក់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ និងឈ្មោះ អុី សារី ជាមេខ្លោងចុងក្រោយ។
លោកបញ្ជាក់ថា ក្នុងការបំបែកសំណុំរឿងនេះទទួលបានជោគជ័យ ដោយមានកិច្ចសហប្រតិបត្តិការពីសមត្ថកិច្ចនគរ បាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពិសេសនាយកដ្ឋាន បច្ចេកទេសស៊ើបការក្រៅនៃអគ្គស្នងការនគរបាលជាតិ ដែលបានជួយឧបត្ថម្ភទាំងស្មារតី បច្ចេកទេស ។
គួររំឭកវិញថា អំពើឃាតកម្មនេះបានកើតនៅភូមិ៧ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១៧ បានធ្វើអោយប្តីប្រពន្ធ២នាក់ស្លាប់។
បច្ចុប្បន្នជនសង្ស័យ ដែលជាមេខ្លោងចុងក្រោយនេះ កម្លាំងសមត្ថកិច្ចនគរបាលខេត្តត្បូងរៀបចំកសាងសំណុំរឿងបញ្ជូន បន្តទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ