ភ្នំពេញ៖ នៅថ្ងៃ ១២កើត ខែបុស្ប ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧ លោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់ បានចុះហត្ថលេខាជាមួយលោក Paul McCarthy ប្រធានអង្គការAPOPO នៅកម្ពុជា ដើម្បីទទួលជំនួយថវិកាចំនួនជាង១៧មុឺនដុល្លារអាមេរិកក្នុងការគាំទ្រសកម្មភាពកណ្តុរហិតមីន ដែលត្រូវប្រតិបតិ្តការបោសសំអាតគ្រាប់មីនស្ថិតនៅភូមិសាស្ត្រខេត្តសៀមរាប។ គំរោងនេះមានរយះពេល១២ខែ ចាប់ផ្តើមពីខែមករាឆ្នាំ២០១៨។
លោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់សូមបញ្ជាក់ថា អង្គការAPOPO មានមូលដ្ឋាននៅប្រទេសប៊ែលហ្សិក ហើយសត្វកណ្តុរបានបង្កាត់នៅទីពិសោធន៍នៃប្រទេសតង់សង់ញៀ។ ការដោះមីនរបស់សត្វកណ្តុរគឺគ្រាន់តែឱយសញ្ញាចំនុចសង្សយ័ មានជាតិផ្ទុះ រីឯការដោះមីនពិតប្រាកដតែម្តងគឺអ្នកជំនាញដោះមីនត្រូវប្រើឧបករណ៍រាវមីននិងបោសសំអាតតែម្តង។ កណ្តុរដោះមីនហិតរកក្លិនជាតិផ្ទុះ រីឯឧបករណ៍រាវមីនរកស្រូបជាតិដែក!! ជាមួយចំនួនថវិកានេះ សុីម៉ាក់រំដោះដីចំការមីនបានចំនួនប្រមាណ៨០ហិចតា។
សូមឆ្លៀតឱកាសឆ្នាំថ្មីឆ្នាំសកល២០១៨ ដែលត្រូវរំកិលខ្លួនចូលមកដល់ប៉ុន្មានថ្ងៃខាងមុខ លោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់សូមប្រសិទិ្ធពរជ័យសេរីបវរ ជូនចំពោះមន្ត្រីអង្គភាពសុីម៉ាក់គ្រប់លំដាប់ថ្នាក់ទាំងអស់ សូមជួបប្រទះតែសេចក្តីសុខសុវតិ្ថភាពក្នុងការបំពេញភារកិច្ចជូនជាតិនិងប្រជាជន និងសូមទទួលជោគជ័យក្នុងភារកិច្ចថ្មីៗទៀត ព្រមទាំងមានសុភមង្គលនិងសុខភាពបរិបូរនៅគ្រប់ក្រុមគ្រួសារ៕ សុខ ខេមរា