ព័ត៌មានទាន់ហេតុការណ៍៖

ទើបចូលធ្វើការបានមួយខែ ខ្ចីម៉ូតូមិត្តភ័ក្តិ២គ្រឿងយកទៅស៊ីគ្រឿងអស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវមិត្តភ័ក្តិធ្វើការជាមួយគ្នាចាប់យកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ក្រោយធ្វើសកម្មភាពខ្ចីម៉ូតូមិត្តភ័ក្តិ២គ្រឿងលួចយកទៅស៊ីុគ្រឿងអស់ ។

ករណីឃាត់ខ្លួនយុវជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃសុក្រ ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹង​ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចកោះពេជ្យ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ​ទូច​សុខ ឃាង អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យខាងលើនេះទើបតែចូលធ្វើការមិនទាន់បានមួយខែផង បានយកម៉ូតូមិត្តភ័ក្តិ២គ្រឿង មួយគ្រឿងម៉ាក scoopy ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CU-8565 និងមួយគ្រឿងទៀតម៉ាក zoomer x គ្មានស្លាកលេខ ហើយ​ត្រូវជនរងគ្រោះឃើញចាប់​ឃាត់ខ្លួន​បាន​នៅ​កោះ​ពេជ្រ​ នាំយកមកប្រគល់​​ឲ្យ​​នគរបាល​ទំនប់ទឹកវិញ ព្រោះជាទីតាំងកើតហេតុដែលជនរងគ្រោះដាក់ពាក្យបណ្តឹង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបញ្ចូនទៅតុលាការ​ចាត់កា​រ​តាមច្បាប់ ៕ស រស្មី


ចែករំលែក៖