ខេត្តរតនគិរី៖ ថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧សិស្សវិទ្យាល័យហ៊ុនសែន ភូមិថ្មី ក្រុងបានលុង ខេត្តរតនគិរីប្រមាណ៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តរតនគិរីភ្លាមៗផងដែរ ។
នាយកវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី លោក ធន់ យុន ប្រាប់ឲ្យដឹងថា ករណីកូនសិស្សដួលសន្លប់មិនដឹងមូលហេតុនេះកើតឡើងរយៈពេល១សប្តាហ៍មក ហើយគ្រាន់ តែមានត្រឹម៤-៥នាក់ប៉ុណ្ណោះរួចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយគ្រូពេទ្យជួសឈាមវិភាគរករោគសញ្ញាប៉ុន្តែ រកមិនឃើញនោះទេ ។
លោកនាយកវិទ្យាល័យបានបន្តថា ក្រោយពីគ្រូពេទ្យវិភាគរោគមិនឃើញ អាណាព្យាបាលបានដឹកកូនចៅពួកគេទៅឲ្យលោកតាវត្តអូរចេងស្រោចទឹករំដោះគ្រោះមួយរយៈពេលខ្លីកូនសិស្សទាំងនោះ ស្រាប់តែមានសភាពធម្មតាវិញហើយដោយមានជំនឿ និងការមានថេរដីកាពីលោកតាវត្តអូរចេងឲ្យធ្វើពិធីសែនព្រេនរៀបបាយ សីសែនស្រាពាងសុំសេចក្តីសុខផងនោះទើបនៅព្រឹកថ្ងៃទី៣០ ខែធ្នូរូបគាត់បាន រៀបចំពិធីតាមបែបជនជាតិស្រាប់តែធ្វើ ពិធីចប់កូនសិស្សស្រីប្រមាណ៥០នាក់ដួល សន្លប់តែម្តង ។
ទាក់ទិនករណីសិស្សដួលសន្លប់ក្នុង បន្ទប់រៀននេះអាណាព្យាបាលសិស្សរៀបរាប់ឲ្យដឹងថា កូនពួកគាត់បានឃើញមាន មនុស្សដើរចូលបន្ទប់មើលទៅមុខប្រឡាក់សុទ្ធតែឈាម ទើបស្រែកឆោឡោឡើងស្លុត ស្មារតីដួលសន្លប់តៗគ្នា ។
ប៉ុន្តែបើតាមគ្រូពេទ្យដែលចុះដល់បន្ទប់កើតហេតុប្រាប់ឲ្យដឹងថា ទីនោះហាក់បីដូច ជាមិនសូវមានអនាម័យផាសុកភាពខ្វះអុកស៊ីសែនជាដើមទើបកើតបញ្ហានេះឡើង ៕ ហេង នរិន្ទ្រ