ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ដែលមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពវៃប្លន់យកម៉ូតូមួយគ្រឿងពីយុវជន២នាក់បានសម្រេចនៅជាប់ប៉ុស្ដិ៍នគរបាល សាក់សំពៅ តាមបណ្ដោយផ្លូវ៧មករា ស្ថិតក្នុងភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ។
យុវជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ គង់ វ៉ៃ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៅវិទ្យាល័យព្រៃវែង មានទីលំនៅក្នុងភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងម្នាក់ទៀតរួមដំណើរជាមួយ មានឈ្មោះ រិទ្ធ ឧត្ដម អាយុ១៦ជាសិស្ស រៀនជាមួយគ្នា មានទីលំនៅក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមសម្ដីយុវជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ គង់ វៃ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-6747 ទៅឌុបមិត្តម្នាក់ទៀតឈ្មោះ រិទ្ធ ឧត្ដម នាំគ្នាទៅដើរលេង និងទិញខោអាវនៅផ្សារស្ទឹងមានជ័យថ្មី ។ លុះចេញពីផ្សារស្ទឹងមានជ័យ ក៏បានបន្តទៅផ្ទះ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលំសាក់សំពៅ ខណៈមកដល់ចំណុចកើតហេតុជាប់ប៉ុស្ដិ៍សាក់សំពៅ ស្រាប់តែមានយុវជនមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿងឌុបគ្នា ដោយមួយគ្រឿងម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតម៉ាក Zoomer X តែមិនចាំស្លាកលេខ បានជិះមកច្រានជនរងគ្រោះ២នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យដួល ហើយវៃមួយដៃ ទៅពីរដៃ រួចលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយកើតហេតុ យុវជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលសាក់សំពៅ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា ៕ ភារ៉ា ដង្កោ