ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងទៀតហើយ! បុរសម្នាក់បើករថយន្តឡិចស៊ិសRX300ទៅបុកទ្រូងផ្លូវបណ្ដាលឲ្យខូចខាត ហើយប៉ូលិសឲ្យម្ចាស់រថយន្តបង្ករួចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រាស្រវឹង បើករថយន្តឡិចស៊ិស RX300 មួយគ្រឿងក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១ផ្ទាំង ឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ និងខ្ទេចកាឡេកង់ផ្នែកខាងឆ្វេង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅតាម មហាវិថីព្រះមុនីវង្ស ខាងត្បួងស្ទុបបូកគោប្រហែល300ម៉ែត្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ឡិចស៊ិស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1009 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ។

បើតាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបានបើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់ រថយន្តបង្កខ្ទេចបែកធុងទឹក និងដាច់កាឡេកង់មុខអូសទៅមុខប្រហែល១០០ម៉ែត្រ ទើបឈប់។

ភ្លាមនោះសមត្ថកិច្ចល្បាតប្រទះឃើញចុះមកសាកសួរ រួចក៏បានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែង រីឯអ្នកបើកបររថយន្តខាងលើត្រូវសមត្ថកិច្ចឲ្យទៅបាត់។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍ចុះមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖