ព័ត៌មានទាន់ហេតុការណ៍៖

រឿងវ៉ាវកើតចំពោះសិល្បករដែលមហាជនចាប់អារម្មណ៍បំផុតប្រចាំឆ្នាំ២០១៧

ចែករំលែក៖

មួយឆ្នាំកន្លងមកនេះមានរឿងរ៉ាវអ្នកសិល្បៈជាច្រើនទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនទាំងរឿងល្អ និងរឿងមិនល្អ។ រឿងទាំងនោះមានដូចជា៖ 
១. ខេមរៈ ស្រីពៅ ចេញវីដេអូឃ្លីបជម្រះមន្ទិលរឿងឈឺដេកនឹងកន្ទេល
កន្លងមកខេមរៈ ស្រីពៅ រងព័ត៌មានថានាងមានជំងឺប្រតិកម្មនឹងថ្នាំរក្សាសម្រស់រហូតធ្លាក់ខ្លួនឈឺដេកនឹងកន្ទេលត្រូវបានល្បីសុះសាយពេញផ្ទៃប្រទេសកាលពីដើមឆ្នាំ២០១៦មកម្ល៉េះ។ ចូលដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៧ភ្លាមនាងបានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងវីដេអូខ្លីដែលមានរយៈពេលត្រឹម៣០វិនាទីដែលតារាចម្រៀង ខេមរៈស្រីពៅបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង។ នាងបញ្ជាក់ដែរថា នៅពេលនេះនាងបានបញ្ជាក់ដែរថាពេលនេះស្ថានភាពសុខភាពរបស់នាងវិលមករកភាពល្អប្រសើរវិញហើយ ។
២. ថៃ នរៈពិទូ និងភរិយាត្រូវចាប់ខ្លួនពាក់ពន្ធ័ករណីជួញដូរថ្នាំញៀន
អតីតតារាសម្តែងនិងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ បានបង្កើតឲ្យមានាការភ្ញាក់ផ្អើលជាថ្មីក្រោយពីតារារូបនេះនិងបក្សពួកជាច្រើននាក់ត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងធ្វើការចាប់ខ្លួនព្រោះតែមានការពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន។ ក្រៅពីលោកក៏មានភរិយា និងបក្សពួកមួយចំនួនទៀតផងដែរដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។
៣. ស្ថាបនិកក្រុមចម្រៀង EV Band លោក អ៊ា វឌ្ឍនា ទទួលមរណភាព
អតីតស្ថាបនិកក្រុមចម្រៀង EV Band លោក អ៊ា វឌ្ឍនា បានទទួលមរណភាពហើយកាលពីថ្ងៃទី១៩ខែមករានៅប្រទេសបារាំង។ លោក អ៊ា វឌ្ឍនា អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម ថោន បានស្លាប់ នៅឯមន្ទីរពេទ្យមួយប្រទេសបារាំង ដោយមានជំងឺ បែកទឹកប្រមាត់ ។
៤.ស៊ុន ស្រីពេជ្រ ឈិត សុវណ្ណបញ្ញា និងយក់ ថិតរដ្ឋា ចេញពីហង្សមាសចូលថោន
តារាចម្រៀង យក់ ថិតរដ្ឋា កញ្ញា ឈិត សុវណ្ណបញ្ញា កញ្ញា ស៊ុន ស្រីពេជ្រ និងផលិតករលោកអ៊ិន ទីតូ បានបង្ហាញវត្តមាននៅផលិតកម្មថោនជាផ្លូវការកាលពីអំឡុងខែកុម្ភៈ។
តារាចម្រៀង អ្នកនាងយក់ ថិតរដ្ឋា លើកឡើងថានាងសម្រេចចិត្តចាកចេញព្រោះតែផលិតកម្មនេះមិនបានផ្តល់បទចម្រៀងឲ្យនាងតាមកាលកំណត់ ដែលធ្វើឲ្យនាងបាត់បង់ទីផ្សារច្រៀងជាហូរហែរ។
៥.ម៉េង កែវពេជ្ជតា ថាខកចិត្តនឹងផលិតកម្មថោន
តារាចម្រៀងជើងចាស់អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហាញសារប្រតិកម្មភ្លាមៗទៅនឹងផលិតកម្មថោនដែលបានយកបទចម្រៀង”រាំវង់អន្លង់រមៀត”របស់នាងទៅច្រៀងដោយគ្មានការអនុញ្ញាតិ។ ប្រតិកម្មនេះត្រូវបានធ្វើឡើងក្រោយពីផលិតកម្មថោនបាន ផ្សព្វផ្សាយបទចម្រៀងថ្មីៗរបស់ខ្លួនដែលត្រៀមលក់នៅលើទីផ្សារពិសេសក្នុងអំឡុងមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិបានមកដល់។ ក្នុងនោះបទចម្រៀងនេះបកស្រាយដោយតារាចម្រៀងខ្មែរសុរិន្ទ អ្នកនាង ចេន សាយចៃ។
៦.រឿង”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ចាក់បញ្ចាំងដំបូងនៅភ្នំពេញ
ភាពយន្តរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ដែលថតដោយតារាសម្ដែង Angelina Jolie បានចាក់បញ្ចាំងក្នុងទឹកដីខេត្តសៀមរាប នាថ្ងៃទី ១៨ កុម្ភៈ ២០១៧ ក្រោមព្រះរាជវត្តមានយាងទតផ្ទាល់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ភាពយន្តដ៏ល្បីល្បាញដែល ទទួលបានការចាប់អារម្មណ៍ខ្លាំងជុំវិញពិភពលោកនេះត្រូវបានធ្វើការចាក់បញ្ចាំងនៅភ្នំពេញថ្ងៃទី២១ខែកុម្ភៈនេះ។
៧.ព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន ទទួលមរណភាព
ព្រឹទ្ធាចារ្យល្ខោនខោល យិត សារិត ហៅលោកគ្រូ សបានទទួល មរណភាពដែលបានធ្វើឲ្យកម្ពុជាបាត់បង់នូវធនធានមនុស្សដ៏សំខាន់ផ្នែកសិល្បៈល្ខោនខោល។ លោកសាស្ត្រាចារ្យផ្នែកល្ខោនខោលយិត សារិន មានវ័យ៩៣ឆ្នាំ បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី៤ខែមីនាឆ្នាំ២០១៧ បន្ទាប់ពីជំងឺចាស់ធ្វើទុក្ខខ្លាំងដូចជាជំងឺលើសឈាម សួត និងថ្លើមជាដើម ។ មុនពេលទទួលមរណភាព លោកព្រឹទ្ធាចារ្យបានបន្សល់ទុកនូវស្នាដៃសិល្បៈ ឯកសាស្រាវជ្រាវ និងបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកសិល្បៈល្ខោនខោលជាច្រើន។
៨.ភរិយា លោក រិន សាវ៉េត ស្លាប់ព្រោះជំងឺមហារីកសុដន
ភរិយារបស់តារាចម្រៀង រិន សាវ៉េត ដែលមានជំងឺមហារីកសុដន់នោះបានទទួលមរណភាព កាលពី ថ្ងៃទី២៣ មេសា ឆ្នាំ២០១៧ ។ សពរបស់ភរិយាតារាចម្រៀងរូបនេះត្រូវបានដឹកចេញពីមន្ទីរពេទ្យ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់ខ្មែរនាស្រុកកំណើតនាខេត្តតាកែវ។ ដំណឹងមរណភាពរបស់លោក រិន សាវ៉េត បានធ្វើឲ្យមានការសង្វេគចិត្តយ៉ាងខ្លាំង ពីអ្នកសិល្ប: និង មហាជន។
៩.សុវណ្ណ មករា សម្រេចចិត្តលែងលះគ្នាឈិន សុធារី
 អតីតតារាសម្តែង សុវណ្ណ មករា បានសម្រេចចិត្តសុំលែងលះប្រពន្ធជាអ្នកចម្រៀងអ្នកនាង ឈិន សុធារី បន្ទាប់ពីគូស្នេហ៍នេះបានលេចចេញរឿងរ៉ាវចម្រូងចម្រាសជាច្រើនបន្តបន្ទាប់។ រឿងរ៉ាវចំណងស្នេហាដើរដល់ផ្លូវទាល់របស់ សុវណ្ណ មករា និង ឈិន សុធារីបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ ក្រោយមិនអាចទប់ជាប់បានឈិន សុធារីដែលលើកឡើងថាអតីតស្វាមីនាងបានសម្រេចចិត្តជ្រើសយកនារីជាតារាសម្តែងថ្មីដែលធ្លាប់មានទំនាស់ជាមួយនាងហើយសុខចិត្តបោះបង់នាងនិងកូនភ្លោះទាំងពីរ។
១០.ស្វែង សុជាតា ត្រូវប្តីក្មេងប្រើហិង្សា និង គំរាមសម្លាប់
ក្រោយប្រកាសចំណងស្នេហ៍ប្តីក្មេងជាគ្រូផ្សំថ្នាំខ្មែរ មិនទាន់បានប៉ុន្មានផងស្រាប់តែ តារាសម្តែង ស្វែង សុជាតាផ្ទុះចេញដំណឹងស្វាមីគំរាមអាករសម្លាប់។ ដំណឹងហួសចិត្តនិងប្តីដែលគេស្គាល់ថាធ្លាប់បួស សុំសីលលើភ្នំរាប់ឆ្នាំនេះ បានធ្វើឲ្យលេចចេញប្រតិកម្មខ្លាំងៗពីសំណាស់សិល្បៈ និងមហាជន។ ដំណឹងចុងក្រោយបានផ្ទុះឡើងមិនគួរឲ្យជឿគឺនាងរងទារុណកម្មយ៉ាងព្រៃផ្សៃដែលបង្កឡើងដោយប្តីក្មេង ឈ្មោះថោង សុខុម ឡើងផ្អើលអ្នកតាខ្មៅ ប៉ុន្តែចុងក្រោយនាងសម្រេចចិត្តទទួលយកស្វាមីមករួមរស់ជាមួយគ្នាវិញដែលធ្វើឲ្យមហាជនស្រងាកចិត្ត។
១១.ជា ដេវី ផ្ទុះជម្លោះជាមួយអាចារ្យធំ
មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីគេបានឃើញឌីជេ អាចារ្យធំបើកការតិះដៀលខ្លាំងៗទៅលើម្ចាស់បទ” រាំញីកែងជើង” លោក ជា ដេវីត។ លេចចេញសង្រ្គាមពាក្យសម្តែងរវាងអាចារ្យធំបានបើកឆាករិះគន់ថា  ដេវីត និងបានដាក់ឈ្មោះថ្មីថា ជាអ្នកបំផ្លាញ វប្បធម៌ប្រពៃណីខ្មែរ លួចក្បាច់ថៃរាំបែកស្លុយមកពង្វក់ក្មេង ជាមួយការស្លៀកពាក់ ដាក់ឈ្មោះថា G David តាម G Dragon បោះបង់វប្បធម៌ដូនតា សាបព្រួសវប្បធម៌ បរទេស។ សារនេះបានធ្វើឲ្យជា ជា ដេវីបង្ហោះពាក្យ ខ្លី ដើម្បីតបត ទៅ អាចារ្យធំ ក្នុងអាខោនផ្លូវការរបស់ខ្លួនថា “ អត់ខ្វល់ “។
១២. កូនប្រុសនាយហុងដាធ្វើឃាតម្តាយចុង
មានការភ្ញាក់ផ្អើលមួយនៅ ថ្ងៃទី១១ ឩសភា នេះ ក្រោយពីនារីជាភរិយាក្រោយរបស់នាយហុងដា តារាកំប្លែងត្រូវគេឃើញស្លាប់ក្នុងខុនដូរមួយ នៅក្នុងខ័ណ្ឌដង្កោ។ យោងតាមវិដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីកូនប្រុសរបស់តារាកំប្លែងនាយ ហុង ដា ជាឃាតកសម្លាប់ម្តាយចុង។ ក្រោយការសួរនាំសាក្សី និងធ្វើកោសល្យនៅកន្លែងកើតហេតុរួចមក ចាប់បាន ជនសង្ស័យដែលបាន សម្លាប់ស្រ្តីប្រពន្ធចុងរបស់តារាកំប្លែងនាយ ហុង ដា គឺជាកូនប្រុសរបស់នាយ ហុង ដា។ កម្លាំងនគរបាល បានតាមចាប់ខ្លួន ជនសង្ស័យនិងប្រពន្ធហើយត្រូវបានយកមកកាត់ទោសនៅតុលាការរួចហើយផងដែរ។
១៣.ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទាំងបីចូលច្រៀងនៅហង្សមាស
ក្រោយសាងភាពល្បីល្បាញក្នុងពិភពសិល្បៈប្រមាណ២ទសវត្សរិ៍ តារាចម្រៀង ព្រាប សុវត្ថិ គ្រោងដឹកដៃកូនប្រុសសំណព្វចិត្តទាំងបីរបស់លោកចូលច្រៀងក្នុងផលិតកម្មហង្សមាសថែមទៀត។ តាមការទម្លាយឲ្យដឹងពីគម្រោងដឹកដៃកូនប្រុសពីរនាក់ចូលច្រៀងនៅផលិតកម្មហង្សមាសនេះ គឺបន្ទាប់ពី ព្រាប សុវត្ថិ បាននាំកូនប្រុសចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសជប៉ុនកាលពីពេលកន្លងទៅ។  កូនប្រុសសង្ហាៗរបស់លោកមានឈ្មោះ សុវត្ថិ មុនីវណ្ណ សុវត្ថិ សិរីវុធ និងសុវត្ថិ មុនីនាគ ហើយក្រោយធ្វើតេស្តសំឡេងហើយ គឺពួកគេសុទ្ធតែមានសមត្ថភាពមិនចាញ់ឪពុករបស់គេឡើយ ។
១៤. មហាជន សោកស្តាយចំពោះ មរណភាពរបស់លោក អ៊ិត សេដ្ឋា
ពិធីករល្បីឈ្មោះជាច្រើនឆ្នាំលោក អ៊ិត សេដ្ឋា បានទទួលមរណភាពហើយកាលពី ថ្ងៃទី ០៤ ខែមិថុនានេះបន្ទាប់ពីក្រុមការងារញ្ជូនទៅសង្គ្រោះមិនបានប៉ុន្មានម៉ោងផង។ លោកមានពីជំងឺទឹកនោមផ្អែម និងលើសឈាមធ្វើទុក្ខខ្លាំងរហូតសន្លប់បាត់បង់ស្មារតី រហូតស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យនិងបន្សល់ការសោកស្តាយខ្លាំងពីសំណាក់មហាជន។ អ្វីដែលកាន់តែសង្វេកគឺលោកបានបន្សល់ទុកនូវកូនប្រុសពិការជើងម្នាក់ កូនស្រីម្នាក់ និងម្តាយចាស់ជរាម្នាក់ក្នុងបន្ទុក ដែលទទួលបានការជួយជ្រោមជ្រែងខ្លាំងពីសប្បុរសជន។
១៥.ខ្ញុង សែនព្រេនជាមួយនាយកៃដ ធ្វើជាប្ដីប្រពន្ធ
តារាកំប្លែងមេម៉ាយកូន១អ្នកនាងស្រេង សុកាន់ដា ហៅនាង ខ្ញុង បានសារភាពព្រមទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយនាយកៃដពិតមែន ហើយថែមទាំងបានសែនព្រេនជាមួយគ្នា នៅមុខចាស់ទុំទាំងសងខាងនិងកំពុងតែរស់នៅជាប្ដីប្រពន្ធហើយដែរ។ ដំណឹងនេះបានលេចធ្លាយក្រោយពីធ្លាយរឿងចំណងស្នេហាក្រៅឆាករវាងនាងខ្ញុង និងនាយពាក់មី អស់រយៈពេលជាយូ ។
១៦. ណយ វណ្ណេត ជួបគ្រោះថ្នាក់ចរាចរណ៍
តារាចម្រៀងជើងចាស់ លោក ណូយ វណ្ណេត បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៩ កញ្ញា នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចលើកឡើងថា បណ្ដាលមកពីអ្នកបើកម៉ូតូធំ២នាក់ បានជិះបញ្ច្រាសផ្លូវគ្នាក្នុងល្បឿនលឿន ហើយបុកពេញទំហឹង មុខរថយន្តរបស់លោក ណូយ វណ្ណេត ដោយអ្នកបើកម៉ូតូទាំង២ បានប៉ើងរថយន្តតែម្ដង ហើយទីបំផុតអ្នកជិះម៉ូតូម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់។ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យលោក ណូយ វណ្ណេតរបួសត្រង់ផ្នែកក្បាលធ្ងន់ធ្ងរហើយអាការៈនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ។
១៧. នាយក្រឹមវេចបង្វេចចុះចេញពីផ្ទះក្រោយផ្ទុះរឿងស្នេហាត្រីកោណ
ក្រោយផ្ទុះរឿងរ៉ាវស្នេហាត្រីកោណមក ស្រាប់តែនៅពេលនេះនាយក្រឹម បានសម្រេចចិត្តចុះចេញពីផ្ទះ។ ការចុះចេញនេះដែរគឺ ក្រោយ ប្រពន្ធព្រមានប្តឹង និងបញ្ចេញរឿងរ៉ាវអាស្រូវស្នេហាជាមួយនាងលាភ ជាកូនក្រុម។កូនប្រុសនាយក្រឹមបានចេញមុខរិះគន់ឪពុកដែលស្រលាញ់នាងលាភ ធ្វើបាបចិត្តម្តាយ និងកូនៗ។ រហូតដល់ចុងឆ្នាំនេះនាយលាភសម្រាលបានកូនភ្លោះស្រី២នាក់។
១៨. យូ ឌីស្កូ មានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ ត្រូវសង្គ្រោះបន្ទាន់
តារាសម្តែងប្រុស យូ ឌីស្កូ បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីបានឃើញសភាពលោកធ្លាក់ខ្លួនឈឺធ្ងន់ដេកនៅនឹងគ្រែពេទ្យកំពុងសង្គ្រោះបន្ទាន់។ សង្គ្រោះបន្ទាន់ព្រោះតែតារាសម្តែងរូបនេះមានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរក្នុងស្ថានភាពគួរឲ្យបារម្ភ។
សិល្បករសិល្បការិនីជាច្រើនបាន  ជួយទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះតារាសម្តែង លោក យូ ឌីស្កូ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ សម្រាកនៅឯមន្ទីរពេទ្យព្រះកេតុមាលា និងត្រូវការឈាមជាចាំបាច់។
១៩. នីឡា បារម្ភសុវត្ថិភាព ក្រោយអតីតសង្សានៅតែខលមក
រឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ពាក់ព័ន្ធការប្រើហិង្សា និងបង្ហោះរូបភាពអាក្រាតនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ថ្ងៃទី១៥ ខែសីហា នេះ ដោយផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន២០០លានរៀល។ប៉ុន្តែក្រោយពីកាត់ក្តីរួច ក៏នៅតែមាននូវព័ត៌មានដែលកញ្ញា វ៉ាន់ នីឡា នៅតែជួបនឹងលោក គុយ សិទ្ធិស័ក្ត ដោយចៃដន្យ ថែមទាំងបាន ខលមកកញ្ញាថែមទៀតផង។
២០.អតីតតាសិចស៊ី កែវ សូរិយា ចងកសម្លាប់ខ្លួន
អតីតតារាសិចស៊ី កែវ សូរិយា ធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន បន្ទាប់ពីនាងទើបនឹងជួបរឿងរ៉ាវរងហិង្សាធ្ងន់ធ្ងរពីស្វាមី។ កែវ សូរិយាបានឃ្លាតឆ្ងាយពីពិភពសិល្បៈឈឹងសូន្យ អស់រយៈពេល៨ឆ្នាំមកហើយក្រោយពីនាង ជាប់ងារកំពូលតារាស្រី ខ្មែរសិចស៊ី ប៉ុន្តែឲថ្មីៗនេះក៏ត្រូវបានមហាជនភ្ញាក់ផ្អើលទាំងក្តីអាណិតអាសូរពីស្នាមរបួសតាំងពីកែងជើង ដើមទ្រូង បង់រូបឆោមសម្ផស្សស្បែកក៏សម៉ដ្ឋរលោងខ្ចី ដោយនាងក៏បានបញ្ជាក់ក្នុងបណ្តាញសង្គមថារងហិង្សាពីប្តីយ៉ាងធ្ងន់ធ្ងរនោះ។ កាន់តែភ្ញាក់ផ្អើលក្រោយពេលដែលអ្នកសិល្បៈបានទម្លាយថាតារាស្រីរូបនេះបានស្លាប់បាត់បង់ជីវិតដោយការចងកធ្វើអត្តឃាត។
២១. ឌុច លីដា ផ្ទុះជម្លោះនឹងថៅកែកុន
 ឌុច លីដា បានបង្ហាញសារអាក់អន់ស្រពន់ចិត្តចំពោះផលិតករម្នាក់ដែលមិនបានបើកលុយឲ្យនាងដូចបានសន្យា។ សារនោះបានបង្កើតរឿងរ៉ាវជាហូរហែ ហើយនាំឲ្យផលិតករមួយចំនួន លើកឡើងពីចំណុចមិនល្អរបស់ តារារូបស្រីរូបនេះថា ជាតារាពិបាកធ្វើការជាមួយ មិនគោរពម៉ោងពេលជាដើម។អ្នកដឹកនាំសម្តែង លោក គាំ ចន្ធី បានចេញមុខមកប្រកាសតែម្ដងថា ផលិតករដែល ឌុច លីដា បង្ហោះបង្ខូចឈ្មោះ ដោយមិនបញ្ជាក់អត្តសញ្ញាណនោះ គឺជារូបលោក។
២២. សុគន្ធ នីសារងការរិះគន់រឿងជម្រុះ បេក្ខជនក្នុងកម្មវិធី The voice kids Cambodiaគ្រូបង្វឹក សុគន្ធ នីសា រងការរិះគន់ខ្លាំងក្រោយពីនាងជម្រុះចោលកុមារីសំឡេងផ្អែម អ៊ុក សុវណ្ណារី តែបានជ្រើសរើសកុមារី ណូ ឈួស៊ីវហេង ឲ្យនៅបន្តក្នុងកម្មវិធី The voice kids Cambodia ធ្វើឲ្យមហាជនខកបំណងមិនស្ទើរនោះ រហូតមានការលើកឡើងពីអ្នកលេងបណ្ដាញសង្គម Facebook រិះគន់ សុគន្ធ នីសា ខ្លាំងៗ និងបានទម្លាក់មន្ទិលថា ការសម្រេចចិត្តរបស់ Coach រូបនេះ អាចនឹងមានទំនាក់ទំនងអ្វីពិសេសជាមួយបេក្ខភាពកុមារី ណូ ឈួស៊ីវហេង។
២៣. នី មុនីនាថ គេចមុខក្រោយរងបណ្តឹងទា១២ម៉ឺនដុល្លារ
នី មុនីនាថ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក លោកអ៊ុង សូឡាង ចាប់តាំងពីឆ្នាំ២០១៤ម៉្លេះ។ ប៉ុន្តែ គម្រោងរៀបការត្រូវបានពន្យារពេលជាបន្តបន្ទាប់ ហើយថ្មីៗនេះ ស្រាប់តែផ្ទុះដំណឹងផ្តាច់ពាក្យគូដណ្តឹង ហើយត្រូវអតីតគូដណ្តឹងប្តឹងទាមទារប្រាក់ដែលធ្លាប់បានឧបត្ថម្ភទៅនាងនាពេលកន្លងមក ចំនួន១២ម៉ឺនដុល្លារ ដែលនាំឱ្យមានការភ្ញាក់ផ្អើលខ្លាំង ទាំងនៅក្នុងសង្គមសិល្បៈ និងមជ្ឈដ្ឋានទូទៅ។
២៤. សាន ស្រីឡៃ  ត្រូវអតីតស្វាមីបាញ់សម្លាប់
សាន ស្រីឡៃ អតីត THE VOICE CAMBODIA ត្រូវបានអតីតស្វាមីគឺលោកជ័យ រិន ជាមន្ត្រីគយ បាញ់សម្លាប់កាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី១៦តុលានេះនៅម្ដុំទូរទស្សន៍អប្សរា។ ដើមហេតុនៃការសម្លាប់នេះត្រូវបានគេទម្លាយថាកើតឡើងពីការប្រច័ណ្ឌ។ក្រោយស្លាប់បាត់បង់ជីវិតនាងបន្សល់ទុកនូវកូនប្រុស២នាក់ និងម្តាយជាស្ត្រីមេមាយក្នុងបន្ទុកដែលនាំឲ្យមានការសង្វេកកាន់តែខ្លាំង។
២៥. មង្គលការសុខ ជំនោរ ចូលរោងការ
អ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះ លោក សុខ ជំនោរបានចូលរោងការជាផ្លូវការហើយជាមួយអ្នកនាង ស្រី រង្សី កាលពីថ្ងៃទី២៦ខែវិច្ឆិកានេះ។ ពិធីមង្គលការនេះធ្វើឡើង៥ថ្ងៃមុនពិធីមង្គលការអតីតសង្សារបស់លោកគឺតារាចម្រៀង សុគន្ធ នីសា។ មង្គលការរបស់លោក សុខ ជំនោរធ្វើឡើងនៅគេហដ្ឋាន និងបន្តទទួលភ្ញៀវនៅមជ្ឈមណ្ឌលកោះពេជ្រ ប៉ុន្តែ គេសង្កេតឃើញមិនមានវត្តមានអ្នកសិល្បៈច្រើនកុះករដូចការគិតរបស់មហាជននោះឡើយ។
២៦. គន្ធ នីសា រៀបការក្រោយអតីតសង្សារ ៥ថ្ងៃ
ពិតជាមានការភ្ញាក់ផ្អើលសម្រាប់មហាជនក្រោយពីតារាចម្រៀងលំដាប់ជួរមុខអ្នកនាង សុគន្ធ នីសា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់នាងដោយចូលរោងការជាមួយបុរសអាណិកជនខ្មែរអាមេរិកម្នាក់។ ពិធីមង្គលការរបស់នាងធ្វើឡើងនៅថ្ងៃនេះគឺក្រោយពេលមង្គលការលោក សុខ ជំនោរ អតីតសង្សារតែ៥ថ្ងៃប៉ុណ្ណោះ។ មង្គលការនេះធ្វើឡើងក្រោយ ពួកគេបានបែកផ្លូវគ្នាដើរអស់៧ឆ្នាំមកហើយនោះ។
២៧.ម៉េង កែវពេជ្ជតា ផ្ទុះទំនាស់ជាមួយចន ច័ន្ទលក្ខិណា
ជម្លោះជាពាក្យសម្តីរវាង ម៉េង កែវពេជ្ជតាទៅកាន់ និងប្រធានសមាកគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណាបានផ្ទះឡើងក្រោយពីវេបសាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញផ្សាយព័ត៌មានថា”ទ្រាំមិនបាន! អ្នកនាងម៉េង កែវពេជ្ជតា ព្រលះទាំងព្រលឹមរឿងលុយថ្មី” ដែលអ្នកនាងយល់ថាជាព័ត៌មានធ្វើឲ្យមហាជនមានការយល់ច្រឡំចំពោះរូបអ្នកនាងយ៉ាងធ្ងន់ធ្ងរ។ ក្រោយការរិះគន់យ៉ាងចាស់ដៃលើចន ច័ន្ទលក្ខិណា បានធ្វើឲ្យប្រធានសមាគមសិល្បករខ្មែររូបនេះផ្ញើសាដោយខ្លីថា” មិនរវីរវល់ឈ្លោះជាមួយទេទុកឲ្យគាត់ឆ្កួតតែឯងទៅ”៕ វឌ្ឍនា

ចែករំលែក៖