ព័ត៌មានទាន់ហេតុការណ៍៖

សាធារណជនរាប់ម៉ឺននាក់ បានចូលរួមទស្សនាតន្ត្រីនៅសាលមហោស្រព NABA នៅណាហ្គាទី ២ និងនៅសួនច្បារសម្តេច ហ៊ុន សែន ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៨

ចែករំលែក៖

ណាហ្គាវើលដ៍ រៀបចំតន្ត្រីឆ្លងឆ្នាំធំបំផុតចំនួន ២!

សាធារណជនរាប់ម៉ឺននាក់ បានចូលរួមទស្សនាតន្ត្រីនៅសាលមហោស្រព NABA នៅណាហ្គាទី ២ និងនៅសួនច្បារសម្តេច ហ៊ុន សែន ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៨

ភ្នំពេញ ថ្ងៃទី ១ មករា ២០១៨ ៖ មានសាធារណជន និងទស្សនិកជនដែលជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់ បានរីករាយទស្សនាតន្ត្រីឆ្លងឆ្នាំធំបំផុតពីររៀបចំឡើងដោយណាហ្គាវើលដ៍នៅថ្ងៃទី ៣១ ធ្នូ ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៨ ។ ការប្រគំតន្ត្រីទីមួយ ត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA នៅណាហ្គាទី ២ និងមួយទៀតធ្វើឡើងនៅសួនច្បារសម្តេច ហ៊ុន សែន ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកសម្តែងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ ។ ការប្រគំតន្ត្រីឆ្លងឆ្នាំដ៏ពិសេសនេះ ត្រូវបានផ្តល់កិត្តិយសចូលរួមជាអធិបតីដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនទៀតផង។

តន្ត្រីឆ្លងឆ្នាំដែលធ្វើនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលមាន ២.០០០ កៅអីនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា មាស សុខសោភា និងទេព បូព្រឹក្ស ហើយណាហ្គាវើលដ៍បានចែកជូនសំបុត្រដើម្បីឲ្យពុកម៉ែបងប្អូនបានចូលរួមរីករាយដោយសេរី។

តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលមានរយៈពេល ៩០ នាទីនេះ មានការសម្តែងបទចម្រៀងដែលមានការពេញនិយមកាលពីរបីទសវត្សរ៍មុន និងបទចម្រៀងសម័យបច្ចុប្បន្នផងដែរ ។ អ្វីដែលអស្ចារ្យផងដែរនោះ គឺមានការចាក់បញ្ចាំងរូបភាពវីដេអូ 3D-mapping ដោយម៉ាស៊ីនបញ្ចាំងដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ និងដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា!

ភាពរីករាយ បានបន្តកាន់តែខ្លាំងនៅក្នុងតន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យនៅសួនច្បារសម្តេច ហ៊ុន សែន ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងជួរមុខ ព្រាប សុវត្ថិ សិល្បករ-សិល្បការិនីប្រចាំណាហ្គាវើលដ៍ដែលរួមមានអ្នកលេងភ្លេង អ្នកចម្រៀង អ្នករាំ និងអ្នកសម្តែងសៀករហ័សកម្ម ។ មិនតែប៉ុណ្ណោះក៏មានវត្តមានរបស់កញ្ញា សួស វីហ្សា ក្រុមក្មេងខ្មែរ ព្រមទាំងពិធីករ-ពិធីការិនីល្បីឈ្មោះ ជា វណ្ណារិទ្ធ និងហ៊ិន ចាន់នីរ័ត្ន ព្រមទាំងមានហ្គេមកម្សាន្តចន្លោះការសម្តែងនីមួយៗដែលពុកម៉ែបងប្អូនបានឈ្នះរង្វាន់ធំជាច្រើនទៀតផង ។

ភាពសប្បាយរីករាយបំផុតនេះ បានបន្តរហូតដល់វិនាទីទី ១ នៃឆ្នាំថ្មីដោយមានការរាប់ថយក្រោយ ការបាញ់កាំជ្រួច និងការបញ្ចាំងភ្លើងLED ដ៏មហស្ចារ្យជុំវិញណាហ្គាទី ២ ដែលមានពន្លឺភ្លើងរត់ជុំវិញអាគារដ៏ទាក់ទាញ និងលេចធ្លោក្នុងរាជធានីភ្នំពេញដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៨ ជាមួយទស្សនិកជនក៏ដូចជាប្រជាជនក្នុងព្រះរាជាណាចក្រកម្ពុជា​ និងពិភពលោកផងដែរ ៕ស តារា

កំពូលតារាចម្រៀង ម៉េង ពេជ្ជតា មាស សុខសោភា និងទេព បូព្រឹក្ស សម្តែងរួមគ្នានៅសាលមហោស្រពថ្មីស្រឡាង NABA នៅណាហ្គាទី ២

 

ព្រាប សុវត្ថិ សម្តែងក្នុងតន្ត្រីឆ្លងឆ្នាំបំផុតរៀបចំដោយណាហ្គាវើលដ៍នៅសួនច្បារសម្តេច ហ៊ុន សែន

 

មានសាធារណជនរាប់ម៉ឺននាក់ រីករាយក្នុងតន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍

 

ពន្លឺភ្លើង LED ដ៏មហស្ចារ្យនៅណាហ្គាវើលដ៍ និងណាហ្គាទី ២ បង្កើនសោភ័ណភាពរាជធានីភ្នំពេញកាន់តែស្រស់ស្អាត


ចែករំលែក៖