សម្តេចតេជោហ៊ុន សែនបានជូនពរឆ្នាំសកល ឆ្នាំថ្មី ២០១៨ ដល់បងប្អូនជនរួមជាតិទូទាំងប្រទេស។
សម្តេចតេជោថ្លែងថា៖ កាលពីរាត្រីយប់មិញ ទាំងពលរដ្ឋខ្មែរ និងទេសចរបរទេសបានចូលរួម អបអរសាទរថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០១៨ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមរមណីយដ្ឋាននានាតាមបណ្តាខេត្។
យើងដឹងច្បាស់ហើយ អោយតែពិធីបុណ្យម្តងៗគឺមានកកស្ទះចរាចរណ៍នៅតាមផ្លូវជាតិតូចធំ។ ដូច្នេះ សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន អធ្យា ស្រ័យនិងយោគយល់ខ្ពស់អោយគ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងក្នុងផ្លូវតូចចង្អៀត និងតំបន់ទីប្រជុំជនដែលមានមនុស្សឆ្លងកាត់ច្រើន។
ពិតណាស់ “សន្តិភាព” បានផ្តល់ឱកាសកាន់តែច្រើនឡើងដល់ពលរដ្ឋក្នុងការចូលរួមប្រារព្ឋពិធីបុណ្យជាតិ និងអន្តរជាតិនានា ទោះបីនៅពេលយប់ឬពេលថ្ងៃដោយគ្មានការភ័យខ្លាចឡើយ។ យើងរួមគ្នាបន្តការពារសន្តិភាព និងថែរក្សាស្ថេរភាពនយោបាយសង្គមអោយបានល្អ ដើម្បីជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។
សូមជូនពរបងប្អូនជនរួមជាតិ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកូនក្មួយយុវជនយុវតី សិស្សានុសិស្ស ព្រមទាំងកូនក្មួយកម្មករកម្មការនីទូទាំងប្រទេស ជួបតែសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ សុខភាពល្អ និងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃចូលឆ្នាំសកលថ្មី២០១៨ នេះតទៅកុំបីខាន! ៕