ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងជាបន្តបន្ទាប់ និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលផងដែរ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ចំនួន ៣លើកក្នុងថ្ងៃតែមួយ។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោង៣ និង០៥នាទី រសៀលថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ពេជ្រ ឃី ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ដុកប្រវឹក ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 8070 ខណៈដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នា(កើតទៅលិច)បត់ឆ្វេងឆ្លងថ្នល់ បណ្ដាលឲ្យភាគ្គីម៉ូតូម៉ាក វ៉េវអាល់ហ្វា(ស្លាប់ភ្លាមៗ) ចំណែកភាគ្គីម៉ូតូម៉ាក ហុងដាឌ្រីម របួសធ្ងន់ស្រាលទាំងអ្នកបើកបរ និងអ្នករួមដំណើរ ដែលមានអស័យដ្ឋាននៅភូមិ,ឃុំកើតហេតុ ហើយត្រូវបានគេបញ្ជូនទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត។

ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងដែរថា នៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៨.១៦៩ ស្ថិតក្នុងភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ មានករណីគ្រោះថ្នាកចរាចរណ៍់កើតឡើងម្តងទៀត បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក ឡិចស៊ីស អរអិច ៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X 1806 ឈ្មោះ សំ ពិសិដ្ឋ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង.ខេត្តបាត់ដំបង ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានជ្រុលបុកមនុស្សណើរឆ្លងថ្នល់ពីជើងទៅត្បូង ឈ្មោះ ម៉ៅ ស្នា ភេទប្រុស អាយុ ៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ(ធ្ងន់)បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា លុះនៅវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥០.១៥០.១៥១ ស្ថិតក្នុងភូមិឈើទាលខ្ពស ឃុំក្បាលត្រាច ស្រុកក្រគរដដែល ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក ឆុនរ៉ា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AF 5215 ឈ្មោះ ឃ្លាំង រតន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅឆ្ពោះទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1F 4116 មិនប្រកាន់ស្ដាំ ឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រសាំងគ្រួ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

វត្ថុតាងម៉ូតូ និងរថយន្តទាំង ៣ករណីខាងលើនគរបាលជំនាញចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖