ព័ត៌មានទាន់ហេតុការណ៍៖

ដើមឆ្នាំ២០១៨ ក្រុមហាម៉ាសនៅកាហ្សាបន្តបាញ់រ៉ុក្កែតទៅលើប្រទេសអ៊ីស្រាអែល

ចែករំលែក៖

មន្ត្រីយោធាអ៊ីស្រាអែលបានឲ្យដឹងថា ក្រុមឧទ្ទាម នៅកាហ្សា បានបាញ់រ៉ុក្កែតទៅលើទីតាំងនៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

អ្នកនាំពាក្យកម្លាំងទាហានអ៊ីស្រាអែលបានឲ្យដឹងថា «មានមីស៊ីលបាញ់ចេញពីកាហ្សាទៅកាន់អ៊ីស្រាអែល ។ រ៉ុក្កែតនោះបានធ្លាក់នៅក្នុងតំបន់ស្ថិតនៅវាលរហោដ្ឋាន Negev ប៉ុន្តែមិនបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតនោះឡើយ។

ចំនួនរ៉ុក្កែតបាញ់ចេពីកាហ្សាទៅកាន់អ៊ីស្រាអែលកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសទទួលស្គាល់តំបន់ជេរ៉ូសាឡឹមជារដ្ឋធានីអ៊ីស្រាអែល កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៧។ ជាមួយគ្នានោះ អ៊ីស្រាអែលក៏បានបើកការវាយប្រហារទៅលើកាហ្សាវិញ បណ្តាលឲ្យមានអ្នកស្លាប់១៣នាក់ និងរាប់សិបនាក់រងរបួស។

ការដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំប្រកាសទទួលស្គាល់តំបន់ជេរ៉ូសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល បានធ្វើឲ្យផ្លាស់ប្តូរគោលនយោបាយ ជាច្រើនទសវត្សរ៍របស់អាមេរិក។ តំបន់ជេរ៉ូសាឡឹម ត្រូវបានដោះស្រាយតាមរយៈកិច្ចពិភាក្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយភាគីផ្សេងមិនអាច ប្រកាសទទួលស្គាល់នោះឡើយ។

សកម្មភាពរបស់សេតវិមាន រងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសនៅក្នុងតំបន់ ពិសេសគឺប្រទេសកាន់សាសនាអិស្លាម។ ប្រទេសជាច្រើនចាត់ទុកការសម្រេចរបស់លោកត្រាំ គឺជារឿងមួយដ៏គ្រោះថ្នាក់បំផុត និងធ្វើឲ្យប៉ះពាល់ដល់ដំណើរឆ្ពោះទៅរកសន្តិភាពនៅក្នុងតំបន់នេះ ៕ ម៉ែវ សាធី


ចែករំលែក៖