ព័ត៌មានទាន់ហេតុការណ៍៖

រឿងអាស្រូវក្នុងពន្ធនាគារខេត្តកណ្តាល​ ,​ ជនត្រូវចោទម្នាក់លោតសម្លាប់ខ្លួន​ តែខ្លះថាជាករណីវៃតប់គ្នា

ចែករំលែក៖

ខេត្តកណ្តាល៖ ជនត្រូវចោទម្នាក់​ លោតសម្លាប់ខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល​ ដែលអ្នកខ្លះថាជាករណីវៃតប់គ្នា ហើយ​មជ្ឈដ្ឋានមួយចំនួនរិះគន់អំពីការធ្វេសប្រហែសនៃបញ្ហានេះ​ ។​ របាយការណ៍ពន្ធ​នាគារ​ អះអាងថា​ ជននេះលោតសម្លាប់​ខ្លួន​ តែតុលាការកំពុងស៊ើបអង្កេតករណីនេះ​ ឱ្យពិតប្រាកដថា​ ជាករណីលោតសម្លាប់ខ្លួនឬជាករណីអ្វីផ្សេង។

ប្រភព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា​ ជនត្រូវចោទឈ្មោះ​ មុត​ ​លីណាន​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជាប់ចោទពីបទ”ធ្វើឱ្យខូចខាតដោយចេតនា”ប្រព្រឹត្តនៅភូមិទេពអរជូន​ ឃុំកោះខែល​ ស្រុកស្អាង​ កាលពីថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៧​ តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។​ ជននេះ​ ត្រូវបានលោក​ គឹម​ ម៉េង​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល​ ឃុំខ្លួននៅថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៧​ ។

ប្រភពព័ត៌មាន​ បន្តថា​ កាលពីចុងខែធ្នូ​ ឆ្នាំ២០១៧​ ជននេះបានលោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ​ ដែលអ្នកដឹងរឿងច្បាស់អះអាងថា​ ទំនងមិនមែនជាករណីលោតសម្លាប់ខ្លួនទេ​ គឺជាករណីវៃតប់គ្នាក្នុងពន្ធនាគារ​ ។

ទោះបីយ៉ាងណា​ នៅថ្ងៃទី០២​ ខែមករា​ ឆ្នាំ២០១៨​ លោក​ ទិន​ សុចិត្រា​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល​ ថ្លែងថា​ អយ្យការកំពុងស៊ើបអង្កេតករណីនេះ​ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ​ ។

អ្នកច្បាប់មួយរូប​ អះអាងថា​ ជនត្រូវចោទបានស្លាប់​ ។​ ដូច្នេះសំណុំរឿងនេះ​ ត្រូវបានរលត់បណ្តឹងអាជ្ញា​ យោងតាមមាត្រា៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕ ចេស្តា


ចែករំលែក៖