ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFUSOបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពីចំហៀងរងកាខូចខាត

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្តពីចំហៀងពេញទំហឹង រងការខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តបើកឆ្លងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រQMI តាមបណ្តោយផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Mitsubishi FUSO ពណ៌ស ឆ្នូតខៀវ ពាក់ស្លាកលេខព្រៃវែង 3A 0226 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានឆ្លងផ្លូវបេតុងមួយខ្សែទៀតបំណងបតឆ្វេង ភ្លាមនោះ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាក MSX ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ1DQ 7878 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយចាំហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹង ធ្វើឲ្យរថយន្តកិនម៉ូតូជាប់ក្រោមកង់រងកាខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងសម្របសម្រួលដោយភាគីខាងរថយន្តចេញថ្លៃខូចខាតចំនួន១២០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ សុខាសែនជ័យ


ចែករំលែក៖