ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ក្នុងថ្លុកឈាមនិងរបួសធ្ងន់ស្រាល៣នាក់ ព្រោះតែជិះម៉ូតូប្រដេញគ្នានៅផ្លូវងងឹតជ្រុលបុកថ្មទុកធ្វើសួនផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៤នាក់បានជិះម៉ូតូពីរគ្រឿង ប្រដេញគ្នាតាមផ្លូវងងឹតក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយត្ន័បានជ្រុលទៅបុកថ្ម ដែលគេដាក់ចោលសម្រាប់ធ្វើសួនច្បារចែកទ្រូងផ្លូវ បណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនឹងផ្លូវស្លាប់ភ្លាមៗ និងបីនាក់ទៀតរងរបួសធ្ងន់ ស្រាល ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅតាមកំណាត់ផ្លូវ២១៧ ត្រង់ចំណុចស្ពានបាគូរ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះម៉ុត ធួន ភេទប្រុស អាយុ២១ឆ្នាំ មុខរបធ្វើស្រែ ស្នាក់នៅភូមិដើមលក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ចំណែកជនរងគ្រោះរបួសធ្ងន់២នាក់ របួសស្រាលម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនបួននាក់ជិះម៉ូតូពីរគ្រឿងម៉ាក MSX ដោយមួយគ្រឿងមិនមានស្លាកលេខ ជិះគ្នាពីរនាក់ មានជនរងគ្រោះស្លាប់បាត់បង់ជីវិត និងមួយគ្រឿងទៀតពាក់ស្លាកលេខ តាកែវ 1J.5019 ជិះឌុបគ្នាពីរនាក់ បានធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយពួកគាត់ប្រដេញគ្នាទាំងស្ថានភាពផ្លូវងងឹត ខណៈមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែម៉ូតូមិនមានស្លាកលេខបានជ្រុលទៅបុកថ្មដែលគេដាក់លើថ្នល់ទុកចោលដើម្បីរៀបចំធ្វើសួនច្បារចែកផ្លូវនោះ ចំពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និងម៉ូតូមួយគ្រឿងមកបុកពីលើថែមទៀតបណ្ដាលរងរបួសធ្ងន់ស្រាលទាំងបីនាក់។

ក្រោយកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ បានចុះមកដល់កន្លែងកើតហេតុវាស់វែងក៏ដូចជាធ្វើកំណត់ហេតុទៅលើសពជនរងគ្រោះ រួចក៏ប្រគល់សព និងម៉ូតូទាំងពីរគ្រឿងឲ្យក្រុមគ្រួសារយកទៅស្រុកកំណើត ដើម្បីចាត់ចែង និងធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖