ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបុករះម៉ូតូ៣គ្រឿងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលប្រុសស្រីបីនាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបោះពួយយ៉ាងលឿន ជ្រួលចង្កូតទៅបុករះម៉ូតូ៣គ្រឿង បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍ការនេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលេខ១៣៨កែងនឹងផ្លូវលេខ២៥៩ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ រាជនីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2U-2556 បើកបរតាមផ្លូវលេខ១៣៨ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវលេខ២៥៩ ក៏ជ្រុលចង្កូចទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីម សង់ស៊េរី ២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង1U-7511 ជិះដោយបុរសម្នាក់តាមផ្លូវលេខ២៥៩ទិសដៅពីត្បូងទៅជើងបុកពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ចំណែកម៉ូតូត្រូវបានរថយន្តបុកអូសប្រមាណជាង៣០ម៉ែត្រ ទើបខ្ទាតចេញពីរថយន្ត រីឯរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនមកដល់ចំណុចផ្លូវ១៤៦កែងនឹងផ្លូវលេខ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក បានបត់ស្តាំដៃ ក៏ជ្រុលទៅបុកម៉ូតូពីរគ្រឿងមួយម៉ាក zomerx ពណ៌បៃតងពាក់ស្លាកលេខ ភ្នំពេញ 1FX-9866 ជិះដោយស្ត្រីម្នាក់រងរបួសធ្ងន់ និងមួយគ្រឿងម៉ាកសុយស៊ូគីលេត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1DF-2415ជិះដោយបុរសម្នាក់រ ងរបួសជើងខាងឆ្វេងស្រាលអ្នកទាំងពីជិះតាមផ្លូវ២២១ទិសដៅពីត្បូងទៅជើង ចំណែកអ្នករងរបួសធ្ងន់ប្រុសស្រីពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ រីឯអ្នករងរបួសស្រាលត្រូវបានទៅព្យាបាលដោយខ្លួនឯង។ ចំណែកម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានភ្លាមប្រគល់ជូនសមត្ថកិច្ចផងដែរ។ ចំណែករថយន្ត និងម៉ូតូខូចខាតយ៉ាងដំណំរៀងៗខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់បានវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុខនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖