ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូងោកមួយភាំងជ្រុលចង្កូតទៅបុកដើមត្នោតបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់សន្លប់ឈឹងរងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅមន្ទីរបង្អែកបារាយ សន្ទុក បន្ទាប់ពី ជិះម៉ូតូម៉ាកឌ្រីមសង់ តាមបណ្តោយផ្លូវជាតិលេខ៦ ងោកមួយភាំង ជ្រុលចង្កូតរេទៅបុកគល់ត្នោតនៅខាងស្តាំដៃ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ ២០១៨ នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានជិះម៉ូតូឌ្រីម ពណ៌ខ្មៅ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៦មកដល់ចំណុចកើតហេតុ ក៏បានឃើញបុរសម្នាក់នេះស្រាប់តែ រេចង្កូតមកខាងស្តាំដៃ ទៅបុកគល់ត្នោត ចំងាយ៤ម៉ែត្រពីផ្លូវ ហើយបោកក្បាលនឹងគល់ត្នោត បណ្តាលសន្លប់ឈឹង ទើបប្រជាពលរដ្ឋនឹងសមត្ថកិច្ចប៉ុស្តិ៍ ចេញមកជួយអន្តរាគមន៍ភ្លាមៗដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា ជនរងគ្រោះឈ្មោះហេង សុភ័ក្រ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រពន្ធធ្វើជាគ្រូបង្រៀន។

សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា ជនរងគ្រោះទំនងជាមានអការងងុយដេក ឬក៏ខ្យល់ទើបរេចង្កូតទៅបុកគល់ត្នោតពេញទំហឹង។ ក្រោយពេលវាស់វែងរួច សមត្ថកិច្ចបានយកម៉ូតូទៅទុកនៅប៉ុស្តិ៍ឃុំប្រាសាទ រង់ចាំបងប្អូនសាច់ញាតិ មកទទួលយក ទៅជួសជុលខ្លួនឯង៕ ប៊ុនរិទ្ធី


ចែករំលែក៖