ភ្នំពេញ៖ ឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាទទួលទេសចរបរទេស ជាង៥លាននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរសរុប ប្រមាណជាង៥.៦លាននាក់បានមកដល់កម្ពុជា។
លោក ហេង សុខចំរើន ទីប្រឹក្សាក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ថា ក្នុងឆ្នាំ២០១៧ជាឆ្នាំមោទនភាពមួយ ដែលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ និងបានបង្កើតការងារដោយផ្ទាល់ដល់ ប្រជាពលរដ្ឋកម្ពុជាប្រមាណ៦២ម៉ឺននាក់ និងដោយប្រយោល រាប់ម៉ឺននាក់ថែមទៀត។
លោកបានបន្ដថា ភ្ញៀវទេសចរចិន បានឈរលេខរៀងទី១ ដែលមានប្រមាណ ១លាននាក់ ខណៈ ដែលភ្ញៀវទេសចរវៀតណាមឈរនៅចំណាត់ថ្នាក់លេខ២ និងលេខរៀងបន្ទាប់ គឺមកពីអឺរ៉ុប។
ភ្ញៀវទេសចរទាំងនោះបានទៅកាន់តំបន់សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ និងតំបន់ ទេសចរណ៍វប្បធម៌បៃតងផ្សេងៗទៀត។
លោក លូ ម៉េង ប្រធានក្រុមការងារវិស័យឯកជនផ្នែកវិស័យទេសចរណ៍ ដែលជាដៃគូសន្ទនាជាមួយ រាជរដ្ឋាភិបាលបានថ្លែងថា កំណើនផ្នែកភោជនីយដ្ឋាន ចុងភៅចម្អិនអាហារ អ្នកបកប្រែ អ្នកបម្រើផ្នែក សេវា ផ្នែកទីផ្សារ និងផ្នែកមគ្គុទេសក៏ទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញ ទេសចរបរទេស ពិសេសទេសចរចិន ខណៈរាជរដ្ឋាភិបាលបានកំណើនគោលដៅ ភ្ញៀវទេសចរចិន ឲ្យបាន២លាននាក់នៅត្រឹមឆ្នាំ២០២០។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានព្យាករណ៍ថា កំណើនទេសចរបរទេសមកកាន់កម្ពុជានឹងកើន ឡើងដល់៧.៥លាននាក់ នៅត្រឹមឆ្នាំ២០២០៕