ខេត្តកំពង់ចាម ៖ លោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿង ញៀនបានប្រាប់អង្គភាព នគរដ្រេហ្គន ឲ្យដឹងថា ក្រោមកិច្ចសហការ រវាងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានបើកការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ពាក់ព័ន្ធនឹងការចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រតិបត្តិការបង្ក្រាបនិងឃាត់ជនសង្ស័យខាងលើ ធ្វើឡើងកាលពីថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥០ នាទីយប់ នៅចំណុចភូមិចុងព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងទៀត ថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដឹកនាំដោយលោក ផ្ទាល់ បានចុះប្រតិបត្តិការបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិចុងព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយកម្លាំងបានប្រើវិធានញុះញង់ រហូតឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ។
ជនសង្ស័យទាំង៥នាក់ ដែលរងការឃាត់ខ្លួនមាន ៖
១-ឈ្មោះ ហេង ម៉េងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិមហាលាភត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម
២-ឈ្មោះ ភីន ប៉ូលីន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិមហាលាភត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម
៣-ឈ្មោះ ផល បុរី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស នៅភូមិរកាកោងជើង ឃុំមហាលាភ ស្រុកោះសូទិន ខេត្តកំពង់ចាម
៤-ឈ្មោះ សឿន ហុតសេង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស នៅភូមិព្រែកគល់ ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម
៥-ឈ្មោះ អ៊ន វិទូ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិរកាកោងត្បូង ឃំុមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យ ថ្នាំញៀនចំនួន៤កញ្ចប់តូច ប្រាក់ញុះញង់ចំនួន២០០.០០០រៀល ,ម៉ូតូ៣គ្រឿង និង ទូរ ស័ព្ទ៤គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្ត ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការនិងផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ