ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺភ្លេចភ្លាំងដេកមិនលក់លួចទៅចងកសម្លាប់ខ្លួននឹងដើមត្រសេក

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីគេឃើញបុរសម្នាក់មានជំងឺប្រចាំកាយ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន នៅលើដើមត្រសេក នៅវេលាម៉ោ៦ព្រឹក ថ្ងៃពុធ២រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ ឈ្មោះ ផាត គន្ធា ហៅ ទន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រុមគ្រួសារអះអាងថា បុរសនេះភ្លេចភ្លាំងច្រើន និងមិនដេក ពេញមួយយប់ បានដើរចេញពីផ្ទះ ទៅធ្វើអត្តឃាត ។

ម្តាយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់(ជនរងគ្រោះ) បាននៅផ្ទះជាមួយគាត់ជាម្ដាយ ហើយសព្វថ្ងៃមានជំងឺប្រចាំកាយ និងភ្លេចភ្លាំង ច្រើនតែរវើរវាយ ។ ដោយឡែកនៅថ្ងៃកើតហេតុកូនប្រុសមិនដេកពេញមួយយប់ ។ ដោយឃើញសភាពកូនមិនស្រួលគាត់បាននៅចាំមើលកូនពេញមួយយប់ រហូតគាត់ងងុយខ្លាំងពេក ក៏ដេកបាត់ទៅ។

ស្រី្តជាម្តាយជនរងគ្រោះបានបន្តថា ខណៈគាត់ដេកលក់មួយភ្លែតកូនប្រុសបានដើរចេញពីផ្ទះបាត់ ក្រោយមកគាត់ភ្ញាក់ឡើង មិនឃើញកូនក៏ដើរតាមរកតែរកមិនឃើញ។ រហូតដល់ម៉ោងកើតហេតុ ទើបគាត់ទទួលដំណឹងថា កូនរបស់គាត់បាន ចងកស្លាប់ នៅលើដើមត្រសេកបាត់ទៅហើយ ទើបប្តឹងនគរបាលជំនាញចុះទៅពិនិត្យសព ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី នៅក្នុង វត្តច័ន្ទបុរីវង្ស ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បន្ទាប់ពីបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ៕ ចាន់ ធឿន


ចែករំលែក៖