ភ្នំពេញ៖ ជនដៃដល់ ដែលបាញ់ប្រហារនៅមណ្ឌលកម្សាន្ត Rock កណ្តាលរាជធានីភ្នំពេញ បណ្តាលឲ្យបុរសម្នាក់ជា DJ របួសធ្ងន់ កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នោះ ដែលសមត្ថកិច្ចអះអាងថា ឈ្មោះ ឌុច សុវណ្ណារ៉េត (ហៅ រិទ្ធញាញ់) ជាកូនប្រុសលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ កាលពីយប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅខេត្តឧត្តរមានជ័យ ដោយការសហការរវាងកម្លាំងព្រហ្មទណ្ទក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយជនដៃដល់កំពុងតែបញ្ជូនតាមរថយន្តរបស់សមត្ថកិច្ចមកកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរចម្លើយបន្ត មុននឹងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។
គួររំលឹកផងដែរថា មានករណីហិង្សាបាញ់ប្រហារមួយ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះឈ្មោះ បៀ សំអឿន អាយុជាង៣០ឆ្នាំ ជា Dj ប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលរបួសត្រង់កំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់។
ក្រោយកើតហេតុ២ថ្ងៃ ពោលគឺនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួន បក្ខពួកជនសង្ស័យ២នាក់ រួមមាន៖ ទី១ឈ្មោះ កែវ ភិរម្យ ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះឡ ពេជ្រសីលា ភេទប្រុស អាយុ៣៥ឆ្នាំ នៅខេត្តកំពង់ធំ។
បក្ខពួកមេក្លោងបាញ់បោះសេរីទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស»។ ជនដៃដល់រូបនេះ កំពុងដឹកបន្តមកកាន់ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាកាសាលាដំបូងរាជធានី។
គួរបញ្ជាក់ថា ទីតាំងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក (Rock) ដែលជាមណ្ឌលកម្សាន្តដ៏ល្បីនេះ តែងតែកើតមានករណីឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយស្ទើរតែគ្រប់ជម្លោះតែងបង្កជាការបាញ់ប្រហារពីសំណាក់អ្នកកូនអ្នកមានអំណាចផងដែរ ៕ ស តារា