ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបន្តចុះត្រួតពិនិត្យមើលជនបរទេសដែលចូលមកធ្វើការ និងរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនជនជាតិនីហ្សេរីយ៉ាម្នាក់ និងជនជាតិវៀតណាមប្រុសស្រី៩នាក់ ត្រូវកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពុនទី២ ខណ្ឌមានជ័យ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ បន្តចុះត្រួតពិនិត្យមើលជនបរទេសដែលចូលមកធ្វើការ និងរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ ជាក់ស្តែងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់រយះពេល២ថ្ងៃ ។

ករណីទី១; កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ អនុសេនីយន៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានសហការជាមួយនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពុន២ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនជនជាតិ នីហ្សេរីយ៉ាម្នាក់ ភេទ ប្រុស គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ។

ករណីទី២; កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ អនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌច្បារអំពៅ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងផ្ទះទិញអេតចាយភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាលទ្ធផលៈពិនិត្យឃើញមាន ជនជាតិវៀតណាម៩នាក់ ក្នុងនោះស្រី០៤នាក់ គ្មានលិខិតឆ្លងដែន ។

បច្ចុប្បន្នជនបរទេសទាំង១០នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ស តារា


ចែករំលែក៖