ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តងោកមួយភាំងរេចង្កូតទៅឡើងទ្រូងផ្លូវបុកបង្គោលភ្លើងបាក់អស់៣ដើម

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ រួមដំណើរជាមួយនិងយុវជនពីរទៀត បានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ហើយអ្នកបើកបរបានងោកមួយភាំង ក៏ជ្រុលចង្កូតឡើងសួនចែកផ្លូវ​ និងទៅបុកបង្គោលភ្លើងបាក់មួយដើមព្រមទាំងស្លាកសញ្ញា២ដើមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្ដី ព្រូរថយន្តបង្កខាងលើម្នាក់ បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានបើករថយន្តមួយគ្រឿង ម៉ាកកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 3C-6023 បានធ្វើដំណើចេញពីខេត្តតាកែវដើម្បីទម្លាក់អីវ៉ាន់ ។ ក្រោយពីដាក់អ៊ីវ៉ាន់រួច ពួកគេក៏បើកត្រឡប់មកភ្នំពេញវិញ ដោយធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតខាងលើដោយសារតៃកុងងោកមួយភាំងបានឡើងទ្រូងផ្លូវ ធ្វើឲ្យតៃកុងបាត់ម្ចាស់ការ ក៏បានជាន់ហ្គាច្រឡំថាហ្វ្រាំង បណ្ដាលឲ្យទៅបុកស្លាកសញ្ញា២ដើម និងបង្គោលភ្លើង១ដើមទៀត បណ្ដាលប៉ើងជិត២០ម៉ែត្រ ធ្វើឲ្យរថយន្តបង្កនិងបង្គោលស្លាកសញ្ញាចរាចរណ៍រងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅជំនាញចរាចរណ៍ ចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖